(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពូជា បានបញ្ជាក់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោយពីមានការអំពាវនាវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យផ្លាស់ប្ដូរនិមិត្តសញ្ញា (Logo) របស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឯកជន ណាដែលមើលទៅភ័ន្ដច្រឡំ នឹងស្ថាប័នរដ្ឋចេញនោះ ឃើញមាន មានធនាគារមួយចំនួន ដែលមាន Logo ស្រដៀង នឹងស្ថាប័នរដ្ឋ បានកំពុងតែផ្លាស់ប្ដូរនិមិត្តសញ្ញារបស់ខ្លួនជាបណ្ដើរៗហើយ។
មន្ដ្រីធនាគារជាតិបានឲ្យដឹងថា មកទល់ពេលនេះមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមាន Logo មើលទៅភ័ន្ដច្រឡំនឹងរបស់រដ្ឋ បានចូលរួមស្ម័គ្រចិត្តផ្លាស់ប្ដូរ និមិត្តសញ្ញារបស់ខ្លួន។ ជាក់ស្ដែងរួមមានធនាគារ អេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា ហើយមានគ្រឹះស្ថានមួយចំនួនទៀត បានកំពុងទម្លាក់ស្លាកសញ្ញាដែលពាក់ព័ន្ធ និងត្រៀមប្ដូរស្លាកសញ្ញាថ្មីតាមនិតិវិធី។
សូមជម្រាបថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឯកជនទាំងអស់ ដែល Logo ស្រដៀងគ្នានឹងស្ថាប័នរដ្ឋ ត្រូវប្តូរចេញជាបន្ទាន់ ដើម្បីកុំមានការភ័ន្តច្រឡំ ថាជារបស់រដ្ឋ។ លើសពីនេះ ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងនោះប្តូរឲ្យបានមុខថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ៕