(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្មប្រមាណ៥០រូប បានជួបប្រជុំគ្នាលើកដំបូង ដើម្បីពិភាក្សា លើការចងក្រងសមាសភាពអនុគណៈកម្មការអន្តរក្រសួង សម្រាប់រៀបចំកិច្ចប្រជុំតុមូលចិនលើកទី៥ ស្តីពីការចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប។ កិច្ចប្រជុំខាងលើនេះ ទទួលបានការអញ្ជើញជាអធិបតីភាព ពីលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
វេទិកាតុមូលនេះ បានពិភាក្សាអំពីការបែងចែកតួនាទី, ភារកិច្ច និងការទទួលខុសត្រូវរបស់អនុគណៈកម្មការនីមួយៗ ព្រមទាំងវិធីបង្ការរាល់បញ្ហានានា ដែលអាចកើតមានឡើងដោយថាហេតុ ដើម្បីធានាធ្វើឲ្យដំណើរការនៃកិច្ចប្រជុំដ៏សំខាន់នេះអាច ប្រព្រឹត្តិទៅដោយរលូនតាមផែនការ។
សូមបញ្ជាក់ថា កិច្ចប្រជុំតុមូលចិនលើកទី៥ ត្រូវបានផ្តួចផ្តើមឡើង ដោយរដ្ឋាភិបាលប្រទេសចិន សហការជាមួយ WTO និងរដ្ឋាភិបាលនៃប្រទេស ដែលជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ក្នុងគោលបំណងចែករំលែក ឧត្តមានុវត្តន៍ជូន LDCs ដើម្បីត្រៀមខ្លួនក្នុងការស្នើចូលជាសមាជិក WTO ឲ្យបានឆាប់រហ័ស។
លើសពីនេះ កិច្ចប្រជុំតុមូលចិន ក៏នឹងជួយគាំទ្រដល់ប្រទេស LDCs ដែលបានក្លាយជាសមាជិកពេញសិទ្ធិ WTO ចូលរួមអនុវត្តមាត្រាទី១២ នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស (Marrakesh) ដែលផ្តោតសំខាន់ លើសេចក្តីសម្រេចរបស់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្នុងការដាក់បញ្ចូលប្រទេស LDCs សំឡេង ២/៣ ឲ្យក្លាយទៅជាសមាជិក WTO រៀងរាល់ឆ្នាំ៕