(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថានទូតបារាំងនៅកម្ពុជា និងទីភ្នាក់ងារជាតិបារាំង Business France បានរៀបចំសន្និសីទបច្ចេកទេសមួយ លើប្រធានបទ «ទីក្រុងចីរភាព» ដោយមានការចូលរួមជាអធិបតីពី សំណាក់លោក ហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងវត្តមានរបស់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជននានាជាង៨០នាក់ ពិសេសតំណាងក្រុមហ៊ុនបារាំងធំៗ ដែលកំពុងធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា ដើម្បីចែករំលែកចំណេះដឹងលើផ្នែកអភិវឌ្ឍន៍ទីក្រុង ប្រកបដោយចីរភាព។
ព្រឹត្តិការណ៍នេះ ធ្វើឡើងស្របតាមស្មារតីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស៍ស្តីពីអាកាសធាតុ ដែលមានគោលដៅជំរុញសកម្មភាពនិងការវិនិយោគចាំ បាច់នានាសម្រាប់ធានាអនាគតមួយ ប្រកបដោយចីរភាព និងបន្ស៊ាំទៅនឹងផលវិបាក នៃការប្រែប្រួលអាកាសធាតុ។ ខ្លឹមសារសន្និសីទបច្ចេកទេសខាងលើ ក៏ស្របទៅនឹងកិច្ចសហប្រតិបត្តិការ រវាងទីក្រុងប៉ារីស៍ និងរាជធានីភ្នំពេញ ដែលផ្តោតលើនគរូបនីយកម្ម ការគ្របគ្រងលំហរ និងមធ្យោបាយដឹកជញ្ជូនសាធារណៈ។ ប្រទេសបារំាង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានគាំទ្រដល់គម្រោងជាច្រើន ដែលមានគោលដៅលើកស្ទួយបរិស្ថាន កំណើនប្រកបដោយចីរភាព និងគុណភាពនៃការរស់នៅ តាមក្រុងនានា។
លោកឯកអគ្គរដ្ឋទូតបារាំង បានបង្ហាញចំណាប់អារម្មណ៍ថា កំណើនសេដ្ឋកិច្ចស្ថិតស្ថេររយៈពេល២០ឆ្នាំមកនេះ បានធ្វើឲ្យប្រទេសកម្ពុជា មានការផ្លាស់ប្តូរយ៉ាងច្រើន ពិសេសនៅតំបន់ប្រជុំជន ដូចជារាជធានីភ្នំពេញជាដើម។
លោកឯកអគ្គរដ្ឋទូតបន្តថា ខណ:ដែលប្រជាជននៅតំបន់ ប្រជុំជនអាចកើនឡើងទ្វេដងនៅឆ្នាំ២០៣០ បញ្ហាប្រឈមនានាក្នុងពេលបច្ចុប្បន្ន ដូចជាការបំពុលបរិស្ថាន និងចរាចរណ៍យានយន្ត នឹងចោទកាន់តែខ្លាំង នៅពេលខាងមុខ ហើយយើងបានឃើញតាំងពីពេលនេះ ទៅហើយនូវតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសេវាទីក្រុងក្នុងគ្រប់វិស័យទាំងអស់។
ទស្សនកិច្ចរបស់ក្រុមហ៊ុន បារាំងចំនួន១៥នៅពេលនេះ គឺជាការឆ្លើយតបទៅនឹងបញ្ហាខាងលើ ដែលត្រូវបានពិភាក្សានៅក្នុងសន្និសីទ ដូចជា៖ ការគ្រប់គ្រងទឹកប្រកបដោយចីរភាព ការផលិតនិងប្រើប្រាស់ ថាមពលដោយសមស្រប មធ្យោបាយដឹកជញ្ជូនសាធារណៈ ការកែច្នៃកាកសំណល់ និងការសាងសង់ដោយគិតគូរដល់បរិស្ថានជាដើម។ ក្នុងអំឡុងកិច្ចពិភាក្សា ក្រុមហ៊ុនបារាំងបានស្នើឡើងនូវដំណោះស្រាយនានាដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាស្របតាមយុទ្ធសាស្រ្តចតុកោណ ដែលផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រៅពីនេះ ក្រុមហ៊ុនបារាំងបានជួបពិភាក្សាដាច់ដោយឡែកជាមួយតំណាងក្រុមហ៊ុនក្នុងស្រុក និងស្ថាប័នពាក់ព័ន្ធនានា។
ក្រុមហ៊ុនបារាំងដែលបានចូលរួមក្នុងសន្និសីទមាន ៖ ALSTOM, APAVE, AREP, ARTELIA, CAMBODIA AIRPORTS, GREEN YELLOW, L’ATELIER ARCHITECTES, MARTIN DUPLANTIER, POMA, QUADRAN, SCHNEIDER ELECTRIC, SUEZ, SYSTRA, VEOLIA WATER និង VINCI CONSTRUCTION GRANDS PROJETS៕