(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៩ រហូតមកដល់ពេលនេះ ទុនវិនិយោគវៀតណាមនៅកម្ពុជា មានរហូតទឹកប្រាក់ដល់ទៅជាង១,៨០០លានដុល្លារអាមេរិក ដែលទាំងនេះ ហើយសបញ្ជាក់ឲ្យឃើញថា ទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំង២ មានភាពស្អិតរមួតជាមួយគ្នា លើសពីការរំពឹងទុក។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សា ការងាររបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោករដ្ឋមន្ត្រី ង្វៀន ជីយ៉ុង រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម នាវិមានសន្តិភាព ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ ពីសហប្រតិបត្តិការល្អរវាង កម្ពុជា-វៀតណាមផងដែរ។ក្រោយជំនួបរវាងមន្ត្រីជាន់ខ្ពស់ទាំងពីររូបបានបញ្ចប់ លោក អ៊ុុំ សុកាន ជំនួយការផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ កម្ពុជាការវិនិយោគរវាងកម្ពុជា-វៀតណាម មានបួនគម្រោងហើយមានទឹកប្រាក់ចំនួនជាង ១០លានដុល្លារអាមេរិក ក៏ប៉ុន្តែក្នុងឆ្នាំ២០១៦ មានត្រឹម២គម្រោងតែចំនួនទឹបប្រាក់មានរហូតដល់ជាង៨១លានដុល្លារអាមេរិក ហើយបើគិតពីឆ្នាំ២០០៩ មក ទុនវិនិយោគរបស់វៀតណាមនៅកម្ពុជា មានជាង១៨០០លានដុល្លារអាមេរិក។
លោកបានបន្តទៀតថា បើប្រៀបធៀបលើវិស័យពាណិជ្ជកម្មវិញ កម្ពុជាបាននាំចូលពីប្រទេសវៀតណាមច្រើនជាង វៀតណាមនាំចូលពីកម្ពុជា។ លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើដល់លោករដ្ឋមន្រ្តីវៀតណាមយ៉ាងដូច្នោះថា «ចង់ឲ្យមានតុល្យភាពក្នុងការនាំចូលឥវ៉ាន់គ្រប់ប្រភេទ» កត្តាទាំងនេះអាចធ្វើឲ្យកម្ពុជា កាន់តែមានការនាំចេញទៅក្រៅប្រទេស កាន់តែច្រើន។
ក្រៅពីពិភាក្សាការងារ លើការវិនិយោគទុន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកយកបញ្ហាទេសចររបស់ជនជាតិវៀតណាម ដែលចាប់ពីឆ្នាំ២០១០មកដល់ពេលនេះ គឺជាប់លេខរៀងទីមួយ ដែលក្នុងឆ្នាំ២០១៥ និង ២០១៦ មានជិត១លាននាក់ក្នុងមួយឆ្នាំ។ កត្តាទាំងនេះ គឺបណ្តាលមកពី ការហោះហើរត្រង់ពីវៀតណាមមកកម្ពុជា ដោយការហោះហើរពីហាណូយ មកសៀមរាបមាន៣៩ជើងក្នុងមួយសប្តាហ៍ និងពីហូជីមីង មកសៀមរាបមាន ៣៥ជើងក្នុងមួយសប្តាហ៍ ហើយនឹងពីដាណាំងមកសៀមរាប ៧ជើងផងដែរក្នុងមួយសប្តាហ៍។
សូមបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសកម្ពុជានិងវៀតណាម បានកើតមានឡើង បន្ទាប់ពីថ្ងៃរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហមមកម្លេះ។ ប្រទេសកម្ពុជានិង វៀតណាម កាលពីពេលថ្មីៗនេះ បានបើកច្រកព្រំដែន៦ ទៀត បន្ថែមពីលើច្រកបាវិត ខេត្តស្វាយរៀង ដើម្បីពង្រីកទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី៕