(សៀមរាប)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារជូនដល់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅថ្ងៃសុក្រទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋាន អន្តរជាតិសៀម សហការជាមួយ មន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យមើលទំនិញ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅផ្សារពួក និងតាមផ្ទះនៅជុំវិញផ្សារពួក ស្ថិតក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប ជាលទ្ធផលបានរកឃើញទំនិញខូចគុណភាពមួយចំនួន។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា នៅក្នុងការចុះអង្កេតផ្សារពួកនេះ មន្រ្តីជំនាញបានប្រើតេស្តឃីត Test Kit ធ្វើវិភាគបឋមទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូបមួយចំនួន។ ជាលទ្ធផលក្រុមការងារ ទទួលបានលទ្ធផលល្អ ដោយអំបិលមានវត្តមាន អ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា៖ Salicylic Acid , Sodium Hydrosulfite, Borax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។
ដោយឡែក ចំពោះការពិនិត្យ លើផលិតផលវេចខ្ចប់រួច និងផលិតផលម្ហូបអាហារកំប៉ុង ក្រុមការងារបានរកឃើញផលិតផល មួយចំនួន ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយបានធ្វើកំណត់ ដកហូតយកមករក្សាទុក ដើម្បីសុំគោលការណ៍កំទេចចោលនៅពេលក្រោយ។
ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន៖ ទឹកក្រូចដបជ័រចម្រុះ ទឹកម្ទេសដប និងប្រេងខ្យង សរុបមានទម្ងន់ ២៣គីឡូក្រាម។ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ កំណត់ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
ទន្ទឹមគ្នានោះ ក្រុមការងារ ក៏បានថ្លែងសរសើរ និងអរគុណដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ច សហការល្អ និងដោយរីករាយ ជាមួយក្រុមការងារ និងបានយល់ដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់បណ្តាល មកពីផលិតផល ខូចគុណភាព ដោយបានស្ម័គ្រប្រគល់ផលិតផលខូចគុណភាពទាំងនោះ ដល់ក្រុមការងារយក ទៅកំទេចចោល៕