(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ បានឯកភាពគ្នាទាំងស្រុង ដោយមិនលូកដៃជ្រៀតជ្រែកជុំវិញ បញ្ហាសមុទ្រចិនខាងត្បូងឡើយ។ ជាមួយគ្នានេះ ប្រទេសសមាជិកអាស៊ានទាំងពីរនេះ បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធនៅក្នុងជម្លោះនេះ ដោះស្រាយគ្នាដោយសន្តិវិធី។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ការឯកភាពគ្នានេះ បានធ្វើឡើងបន្ទាប់ពី ប្រធានាធបិតីឡាវ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោក ប្រធានាធិបតីឡាវ ក៏បានជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាពផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្តីអំពីលទ្ធផលផ្លូវការនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតីឡាវ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់បញ្ហាសមុទ្រចិនខាងត្បូង ភាគីទាំងពីរបានលើកទឹកចិត្តឱ្យភាគី ដែលពាក់ព័ន្ធដោយផ្ទាល់ដោះស្រាយជម្លោះដោយមធ្យោបាយសន្តិវិធី រួមមានការចរចា និងការពិគ្រោះយោបល់ ការអត់ធ្មត់ គ្មានការគំរាមកំហែង ឬគ្មានការប្រើប្រាស់កម្លាំង ស្របតាមគោលការណ៍ដែលទទួលស្គាល់ជាសាកលនៃច្បាប់អន្តរជាតិ រួមមានអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ( UNCLOS)»។
បញ្ហាសមុទ្រចិនខាងត្បូង គឺជាជម្លោះដណ្តើមដែនសមុទ្រដ៏រ៉ាំរ៉ៃរវាងប្រទេសមហាអំណាចិន ជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ានចំនួន៤ រួមមានដូចជា ហ្វីលីពីន ព្រុយនេ វៀតណាម និងម៉ាឡេស៊ី។ ជម្លោះនេះ បានចាប់ផ្តើមឡើងកម្តៅ ក្រោយពេលដែលប្រទេសចិន បានចាក់ដីបំពេញធ្វើកោះសិប្បនិម្មិតមួយ នៅកណ្តាលសមុទ្រ ដើម្បីតាំងមូលដ្ឋានទ័ព។
ម្តងជាពីរដង រដ្ឋាភិបាលកម្ពុជា បានទទូចម្តងហើយម្តងទៀត ដោយជំរុញឱ្យប្រទេសពាក់ព័ន្ធនឹងជម្លោះនេះដោះស្រាយបញ្ហាដោយសន្តិវិធី ហើយមិនត្រូវអូសទាញប្រទេសសមាជិកអាស៊ានដែលមិនស្ថិតនៅក្នុងជម្លោះនេះ ទៅពាក់ព័ន្ធឡើយ។ រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅ បានចាត់ទុកថាជម្លោះនេះ មិនមែនជាជម្លោះរវាងចិន និងអាស៊ានទេ៕