(ព្រះវិហារ)៖ គ្រូឧទ្ទេសចំនួន៩នាក់ តំណាងឲ្យគ្រូឧទ្ទេស២៥នាក់ នៃសាលាគរុកោសល្យ និងវិក្រិត្យការខេត្តព្រះវិហារ បានដាក់ពាក្យបណ្តឹងមួយច្បាប់ ទៅអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ឲ្យជួយអន្តរាគមន៍ និងចាត់ការលើការដឹកនាំ, ទង្វើកាយវិការរបស់លោក ខាត់ សុខា នាយកសាលាគរុកោសល្យ និងវិក្រិតការខេត្ត ពីបទប្រព្រឹត្តអំពើពុករលួយ។
យោងតាមពាក្យបណ្តឹងរបស់គ្រូឧទ្ទេស បានបញ្ជាក់ថា លោក ខាត់ សុខា បានប្រព្រឹត្តកំហុសឆ្គងផ្សេងៗ រួមមាន៖ ១,ថវិកាថ្លៃជួលមជ្ឈមណ្ឌុលធនធន ក្នុងមួយឆ្នាំរាប់ពាន់ដុល្លារ មិនដឹងទៅណា? និយាយឲ្យខ្លីគឺស៊ីដាច់ ២,ការចំណាយថវិកា (PB) គ្មានតម្លាភាពខុសនីតិវិធី នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមសាលារៀន ៣,មិនបង្ហាញរបាយការណ៍ នៃដំណើរការចាយថវិកា (PB)តាមជំហាននីមួយៗ ៤,ថវិកា(PB) រាល់ពេលបើកមិនដែលប្រជុំបង្ហាញពីចំនួន និងគ្មានគណៈកម្មការ គ្រប់គ្រងច្បាស់លាស់ទេ ៥,ប្រើពាក្យសំដីក្អេងក្អាងជេរប្រមាថ ៦,គ្មានរចនាសម្ព័ន្ធច្បាស់លាស់ប្រើបុគ្គលិកតាមតែនឹកឃើញ(គ្មានក្រុមប្រឹក្សាវិន័យ) ៧,គ្មានភាពជាអ្នកដឹកនាំគ្រប់គ្រង ដូចជាកន្លងមកមិនហ៊ានប្រឈមមុខនិងបញ្ហា មិនអនុវត្តទៅតាមបំណែងការងារភារកិច្ច មិនយកចិត្តទុកដាក់លើការសិក្សារបស់គរុសិស្ស មិនចេះដោះស្រាយពេលមានបញ្ហាកើតឡើង ៨, បណ្តោយឲ្យគ្រូកំព្យូទរ័(អាយធី)បំផ្លាញកំព្យូទរ័ស្ទើរគ្មានសល់ និងទី ៩,គ្មានភាពសហការជាមួយគ្រូឧទ្ទេស បក្ខពួកនិយមលំអៀងជាដើម។
ទាក់ទងនឹងការចោទប្រកាន់នេះ លោក រាត់ សុខា នាយកសាលាគរុកោសល្យ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា លោកមិនដឹងទេ ឲ្យសួរមន្ទីរអប់រំ ទៅដោយលោកឆ្លើយ យ៉ាងខ្លីថា តំណាង៩នាក់ ដែលប្តឹងលោកមាន៣នាក់ដកពាក្យវិញហើយ។
លោក ហន ឆន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះវិហារ បានឲ្យដឹងថា លោកបានយកពាក្យបណ្តឹងដាក់រួចហើយ ត្រង់ការសម្រេចយ៉ាងណា ជារឿងរបស់ខេត្ត ព្រោះពាក្យបណ្តឹងនេះ គេប្តឹងចូលសាលខេត្តឲ្យជួយដោះស្រាយ៕