(សៀមរាប)៖ កម្ពុជានឹងយកខេត្តសៀមរាប ដើម្បីរៀបចំកិច្ចប្រជុំផ្លូវការលើកទី១២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee GBC) នៅអំឡុងខែមីនា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំង២ កាន់តែខ្លាំងឡើង លើកិច្ចរក្សាសន្តិភាពតាមព្រំដែន។
ជាមួយគ្នានេះ ដើម្បីប្រុងប្រៀបរៀបចំនៃកិច្ចប្រជុំធំនេះ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នឹងបើកិច្ចប្រជុំរបស់ខ្លួន ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «គោលដៅនៃកិច្ចប្រជុំខាងលនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ពិសេស ក្នុងការរក្សាសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំង២ ដើម្បីទប់ស្កាត់ និងបង្ក្រាប រាល់សកម្មភាពខុសច្បាប់នានា នៅតំបន់ព្រំដែនរួមមាន៖ បញ្ហារត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលភាគីទាំងពីរ នឹងពុះពារស្វែងរកដំណោះស្រាយ និងមានវិធានការទប់ស្កាត់ ដើម្បីរក្សា និងធានាបាននូវស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍន៍ នៅតាមបណ្តោយព្រំដែនរួម នៃប្រទេសជិតខាងទាំងពីរ»៕