(ភ្នំពេញ)៖ បណ្ឌិត្យសភានគរបាលកម្ពុជា សកលវិទ្យាល័យនគរបាលកូរ៉េ និងស្ថាប័នបណ្តុះបណ្តាលនគរបាលមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើនទៀត បានរួមគ្នាបង្កើតសមាគមស្ថាប័នហ្វឹកហ្វឺននគរបាលទ្វីអាស៊ី (APTA) ដើម្បីលើកកម្ពស់គុណភាពអប់រំដល់មន្រ្តីនគរបាល។
ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង ក្នុងដំណើរបំពេញទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានៅទីក្រុងសេអ៊ូល ដែលចាប់ពីថ្ងៃទី២១-២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចនេះតបតាមការ អញ្ជើញរបស់ឧត្តមសេនីយ៍ឯក Suh Bum Soo សកលវិទ្យាធិការ នៃសកលវិទ្យាល័យនគរបាលកូរ៉េ។
សមាជិកសមាគមស្ថាប័នហ្វឹកហ្វឺននគរបាលក្នុងទ្វីបអាស៊ីនេះ រួមមាន៖ បណ្ឌិត្យសភានគរបាលកម្ពុជា សកលវិទ្យាល័យនគរបាលកូរ៉េ ព្រមទាំង ១៩ស្ថាប័នបណ្តុះបណ្តាលនគរបាល មកពី ១៤ប្រទេសផ្សេងទៀត។ សមាគមនេះ ធ្វើឡើងក្នុងគោលបំណង ពង្រីងកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាល និងស្រាវជ្រាវកិច្ចការនគរបាលរវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងស្ថាប័នបណ្តុះបណ្តាល នគរបាលក្នុងក្របខណ្ឌអន្តរជាតិ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នាយឧត្តមសេនីយ៍ សេង ផល្លី ក៏បានជួបពិភាក្សាធ្វេភាគីជាមួយឧត្តមសេនីយ៍ឯក Suh Bum Soo សកលវិទ្យាធិការ នៃសកលវិទ្យាល័យនគរបាលកូរ៉េ និងបណ្តាប្រធានគណប្រតិភូមួយចំនួនផ្សេងៗទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារបណ្តុះបណ្តាល ការងារស្រាវជ្រាវកិច្ចការនគរបាល និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ជាមួយគ្នានេះគណៈប្រតិភូ ក៏បានទៅទស្សនកិច្ចផ្ទាល់នៅតាមអង្គភាពដឹកនាំបញ្ជាកងកម្លាំងនគរបាលនៅទីក្រុងសេអ៊ូល ដើម្បីស្វែងរកការងារបណ្តុះបណ្តាល និងអង្គភាពប្រើប្រាស់កងកម្លាំង៕