(ភ្នំពេញ)៖ ក្រុមហ៊ុន Sabay បានដាក់ឲ្យដំណើរការកម្មវិធី ទូរស័ព្ទប្រលោមលោក «Sabay E-Novel» ដល់ប្រិយមិត្តអ្នកអានរបស់ខ្លួន ដោយបានបើកពិធីសម្ពោធ យ៉ាងអធិកអធម នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅលើអគារភ្នំពេញ ថាវ័រ ជាន់ទី២២ ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay ព្រមទាំងក្រុមការងារ សិល្បករ-សិល្បការិនី និងដៃគូពាណិជ្ជកម្មជាច្រើននាក់ទៀត។
លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay បានថ្លែងឲ្យដឹងថា នេះជាជំហានថ្មីមួយទៀត របស់ Sabay ដែលជាការលើកកម្ពស់ស្នាដៃនិពន្ធ របស់អ្នកនិពន្ធថ្មីៗ និងអ្នកនិពន្ធជំនាន់មុន ដែលស្នាដៃទាំងនោះ ត្រូវបានកប់បាត់ក្នុងសង្គ្រាម ឬត្រូវបានបំភ្លេចចោល ដោយសារការធ្លាក់ចុះនៃទម្លាប់អាន នៅកម្ពុជា។ លោកបន្តថា ប្រលោមលោកសប្បាយ គឺជាវេទិកាមួយ ជំរុញឲ្យអ្នកនិពន្ធចាប់ផ្ដើម បង្កើតស្នាដៃថ្មីឡើងវិញ និងបានជួយសម្រួលឲ្យអ្នកនិពន្ធ និងអ្នកអានខិតជិតគ្នា ហើយអ្នកទាំងពីរនឹងទទួលបានផលប្រយោជន៍ ពីគ្នាទៅវិញទៅមក។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងក្នុងឱកាសនោះថា លោកស្រីសូមគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីនេះ ព្រោះជាការរួមចំណែកលើកកម្ពស់ ការអាន និងការសរសេរនៅកម្ពុជា។ លោកស្រីសង្ឃឹមថា អ្នកនិពន្ធនឹងប្រឹងប្រែងបង្កើតស្នាដៃថ្មីៗ និងល្អៗ ដើម្បីបំពេញតម្រូវការ អ្នកអាន។
លោក ឃុត សុឃឿន អ្នកគ្រប់គ្រងកម្មវិធីប្រលោមលោក Sabay បានបញ្ជាក់ថា រហូតមកដល់ពេលនេះ Sabay បានសម្រិតសម្រាំងប្រលោមលោក ប្រកបដោយគុណភាពរាប់រយគ្រឿង រួមមានប្រភេទ មនោសញ្ចេតនា គុននិយម ព្រឺព្រួច ស៊ើបអង្កេត អាថ៌កំបាំង និងរឿងល្បីៗ ទាំងអស់របស់ខ្មែរ និងបរទេស។ កម្មវិធី ប្រលោមលោក «Sabay E-Novel» ក៏មានឃ្លីបប្រលោមលោក ជាសំឡេង និងល្ខោនវិទ្យុ ល្អៗជាច្រើនទៀត ផងដែរ។
សូមបញ្ជាក់ថា កម្មវិធីទូរស័ព្ទ ប្រលោមលោក «Sabay E-Novel» អាចទាញយក (Download) ពី Play Store ខណៈ App Store នឹងអាចទាញយកក្នុងពេលឆាប់នេះ៕