(ភ្នំពេញ)៖ បន្ទាប់ពីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ចេញមុខបដិសេធថា លោក សម រង្ស៊ី មិនមានការពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនថ្មីរបស់គណបក្សសង្រ្គោះជាតិនោះ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្រាប់តែមានសំឡេងរបស់លោក សម រង្ស៊ី បានបែកធ្លាយ នៅលើបណ្តាញសង្គម Facebook ដែលបង្ហាញអតីតប្រធានគណបក្សប្រឆាំងនេះកំពុងរៀបចំក្បាលម៉ាស៊ីនថ្មីគណបក្សសង្រ្គោះជាតិ ដោយប្រើប្រាស់រូបមន្ត «ប្រធានម្នាក់ និងអនុប្រធាន៣នាក់» ដូចទៅនឹងការផ្សព្វផ្សាយកន្លងទៅប្រាកដមែន។
សំឡេងសន្ទនារបស់លោក សម រង្ស៊ី ស្តីពីការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនគណបក្សសង្រ្គោះជាតិ ត្រូវបានទម្លាយដោយទំព័រ Facebook មួយឈ្មោះ «សីហា» ដែលធ្លាប់ទម្លាយរឿងអាស្រូវរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងជាបន្តបន្ទាប់ នាពេលកន្លងមក។ សំឡេងនេះបង្ហាញថា លោក សម រង្ស៊ី បានពិភាក្សាជាមួយលោក យឹម សុវណ្ណ មន្រ្តីជំនិតរបស់ខ្លួនអំពីការរៀបចំក្បាលម៉ាស៊ីនថ្មីរបស់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីលោកលាលែងពីតំណែង។
នៅក្នុងសំឡេងបែកធ្លាយនោះ លោក សម រង្ស៊ី បានពន្យល់ដល់ លោក យឹម សុវណ្ណ ឱ្យគាំទ្រដល់រូបមន្តប្រធាន១ អនុប្រធាន៣នាក់ ហើយស្នើឱ្យមន្រ្តីជាន់ខ្ពស់រូបនេះ កុំរករឿងគ្នានៅក្នុងគណបក្ស ដើម្បីធ្វើយ៉ាងណាចូលរួមក្នុងការបោះឆ្នោតនៅពេលខាងមុខ។
ពាក្យសម្តីសន្ទនារវាងលោក សម រង្ស៊ី និងលោក យឹម សុវណ្ណ ត្រូវបានទំព័រ Facebook ដកស្រង់យ៉ាងដូច្នេះថា៖ « (សម រង្ស៊ី និយាយថា) សុខសប្បាយ សុវណ្ណ ស្តាយអត់បានជួប សុវណ្ណ មានមួយក្រុមបានជួបខ្ញុំថ្មីៗនេះ (ក្រុម អេង ឆៃអ៊ាង វ៉ាន់ ណារិទ្ធិ ......)។ យឹម សុវណ្ណ សួរថា តើលោកប្រធានទៅអូស្ត្រាលី? សម រង្ស៊ី ថាមិនទាន់កំណត់ទេ ប៉ុន្មានថ្ងៃមុនបានជួបគ្នាបាននិយាយគ្នាខ្លះ ខ្ញុំទើបបានដឹងរូបមន្ត រូបមន្តអនុប្រធាន ៣ អាហ្នឹងល្អហើយ សុវណ្ណ។ សុវណ្ណឯងទទួលយកទៅធ្វើម៉េចរក្សាលំនឹងគណបក្សយើងរហូតទៅដល់ថ្ងៃបោះឆ្នោត ពីព្រោះគ្មានរូបមន្តណាល្អជាង ហ្នឹងទេ វាមានរូបភាពល្អ តែយើងទាំងអស់គ្នារួបរួមគ្នា ហើយគេមើលក៏ល្អពីក្រៅ ហើយគេមិនអាចញទិទៀនរូបមន្តណាក្រៅពីថាល្អជាងរូបមន្តហ្នឹងទេ អញ្ចឹងខ្ញុំយល់ឃើញថាវាល្អមែនទែន សុំឱ្យ សុវណ្ណឯងគាំទ្ររូបមន្តនេះចូលរួមទៅអនុប្រធាន៣ ហ្នឹង។…
យឹម សុវណ្ណ ថាតាមពិតខ្ញុំគាំទ្រតើ គ្រាន់តែថាខ្ញុំអត់សូវចង់ធ្វើ។ សម រង្ស៊ី ថាសើចហ៊ឺ ! សុវណ្ណ អើយឥឡូវហ្នឹង យើងមិនរឿងចង់ប៉ុន្មានទេ យើងចង់ធ្វើអី អត់បានធ្វើ យើងមិនចង់ធ្វើអីត្រូវតែធ្វើ ធ្វើម៉េចគិតផលប្រយោជន៍គណបក្ស ទប់ឱ្យជាប់ ឱ្យរឹងមាំ ហើយកុំឱ្យគេមានលេស រករឿងគណបក្សយើង ដូច្នេះគេឃើញយើងច្រើនអញ្ចឹង មានមួយអត់ មួយៗ យើងដាក់ឱ្យច្រើនមួយចង្កោមអញ្ចឹងវាស្រួល កុំឱ្យតែម្នាក់ឯង យើងទៅជាមុខសញ្ញា ដល់ច្រើនអញ្ចឹងទោះបីម្នាក់ជាមុខសញ្ញាក៏អត់មានប៉ះពាល់ដល់គណបក្សរង្គោះរង្គើទៀត ទាំងមូលដែរ អញ្ចឹងសុំឱ្យ សុវណ្ណឯង ទទួលយកទៅ អបអរសាទរទាំងអស់គ្នាទៅ ខ្ញុំផ្តាំផ្ញើប៉ុណ្ណឹងទេ សុវណ្ណ។ យឹម សុវណ្ណ ថាបាទៗ»។
សូមបញ្ជាក់ថា នាថ្មីៗនេះ មានមន្រ្តីជាន់ខ្ពស់មួយចំនួន បានទៅជួបពិភាក្សាជាមួយ លោក សម រង្ស៊ី នៅទីក្រុងហុងកុង កាលពីថ្ងៃទី១៧ ដល់ ១៩ ខែកុម្ភៈ ឆ្នាំ២០១៧។ តំណាងរាស្រ្ត និងមន្រ្តីគណបក្សសង្រ្គោះជាតិ ទាំង៩រួមមាន លោក អេង ឆៃអ៊ាង, លោក ជា ប៉ូច, លោក ដាង ចំរើន, លោក គង់ សភា, លោក វណ្ណ ណារិទ្ធ, លោក អ៊ុំ វីររដ្ឋ, លោក ញឹម ញ៉េង, លោក តាន់ ណារិន និង លោក ហេង រស្មី។
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ដែលបានទៅជួបជាមួយ លោក សម រង្ស៊ី នៅទីក្រុងហុងកុង បានលួចទម្លាយភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ថា នៅក្នុងជំនួបនោះមានការពិភាក្សាអំពីការតែងតាំងប្រធានម្នាក់ និងអនុប្រធាន៣នាក់ របស់ គណបក្សសង្រ្គោះជាតិ នៅពេលខាងមុខនេះ។ មន្រ្តីជាន់ខ្ពស់ដដែលបានបង្ហើបឱ្យដឹងថា ប្រធានគណបក្សសង្រ្គោះជាតិ នៅពេលខាងមុខនេះ នឹងបាន ទៅលើលោក កឹម សុខា ហើយចំណែកអនុប្រធាន៣នាក់នោះ អាចនឹងបានទៅលើលោកស្រី ជូឡុង សូមូរ៉ា, លោក ប៉ុល ហំម និងលោក យឹម សុវណ្ណ ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៊ី។
មន្រ្តីសកម្មជនរបស់បក្សប្រឆាំងមួយចំនួន បានលើកឡើងថា បន្ទាប់ពីមានការរៀបចំរចនាសម្ព័ន្ធថ្មីហើយនោះឥទ្ធិពលរបស់ លោក សម រង្ស៊ី នឹងបាត់បង់ទាំងស្រុង នៅក្នុងបក្ស ហើយគ្មានឱកាសនឹងមកធ្វើនយោបាយនៅកម្ពុជាទៀតឡើយ។
សំឡេងបែកធ្លាយនេះ កំពុងធ្វើឱ្យសាធារណជនកាន់តែដឹងច្បាស់អំពីរឿងលោក សម រង្ស៊ី រៀបចំរចនាសម្ព័ន្ធថ្មីថ្នាក់កំពូលរបស់គណបក្សសង្រ្គោះជាតិ ទោះបីជាសមាជិកគណបក្សប្រឆាំងចេញមុខបដិសេធក៏ដោយ៕
ខាងក្រោមនេះជាសំឡេងសន្ទនារបស់ លោក សម រង្ស៊ី និង លោក យឹម សុវណ្ណនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៩៖១១នាទីយប់៖