(ភ្នំពេញ)៖ អនុលោមតាមប្រសាសន៍ណែនាំ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងដោយអនុលោមតាមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ និងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានជួបពិភាក្សាជាមួយតំណាងក្រសួងពាណិជ្ជកម្ម ដើម្បីសុំធ្វើការផ្លាស់ប្ដូរ និមិត្តសញ្ញាថ្មី និងការប្រតិបត្តិតាមច្បាប់ ស្តីពី ម៉ាកពាណិជ្ជនាម ក្នុងពេលរសៀលនៃថ្ងៃទី២២ដដែលនោះ។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មបានលើកឡើង ពីច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងបានបញ្ជាក់ពីការផ្លាស់ប្ដូរនិមិត្តសញ្ញាថ្មី របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដើម្បីកុំឲ្យមានការភ័ន្តច្រឡំពីសាធារណជន។ ថ្នាក់ដឹកនាំក្រសួង ក៏បានស្នើដល់មន្ត្រីនៃនាយកដ្ឋាន កម្មសិទ្ធិបញ្ញា ធ្វើកិច្ចសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីរៀបចំលិខិតស្នាម សម្រាប់ចុះបញ្ជិការនិមិត្តសញ្ញាថ្មី។
ជាការឆ្លើយតប ថ្នាក់គ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានឯកភាពធ្វើការផ្លាស់ប្តូរនិមិត្តសញ្ញាថ្មី ដែលបានផ្លាស់ប្តូរ សញ្ញាប្រាក់រៀល (៛៛៛) ចេញ និងជំនួសវិញដោយពាក្យ «ប្រាសាក់» ដែលកាន់តែធ្វើឲ្យអតិថិជនមានការងាយស្រួលក្នុងការចំណាំ និងមិនមានការភ័ន្តច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គឺជាគ្រឹះស្ថានរបស់រដ្ឋនោះទេ។ ថ្នាក់គ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ ដែលបានជួយសម្របសម្រួលដំណើរការរៀបចំផ្លាស់ប្តូរនិមិត្តសញ្ញាថ្មី ដើម្បីគ្រឹះស្ថានអាចបន្តការបម្រើសេវាហិរញ្ញវត្ថុ ជូនចំពោះប្រជាជនកម្ពុជាជាបន្តទៀត។
គួរបញ្ជាក់ជាថ្មីថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គឺជាគ្រឹះស្ថានឯកជន និងមិនមែនជាគ្រឹះស្ថានរបស់រដ្ឋទេ ហើយគ្រឹះស្ថានបានធ្វើការដកចេញនិមិត្តសញ្ញា (Logo) បច្ចុប្បន្នរបស់ខ្លួន ពីបណ្ដាអគារការិយាល័យ សម្ភារ ឯកសារផ្សព្វផ្សាយ និងពីបណ្ដាញផ្សព្វផ្សាយនានា ដើម្បីកុំមានការភ័ន្តច្រឡំពីអតិថិជន និងសាធារណជន។ ក្នុងអំឡុងពេលដំណើរការផ្លាស់ប្ដូរនិមិត្តសញ្ញាថ្មីនេះ ប្រាសាក់ នៅតែបើកបម្រើសេវា ជូនអតិថិជន និងសាធារណជនដូចធម្មតា ដូច្នេះសូមអតិថិជននិងសាធារណៈជនទាំងអស់កុំមានការបារម្ភ៕