(ភ្នំពេញេ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យគ្រប់រាជធានី-ខេត្ត រិះរកគ្រប់វិធីខិតខំជម្រុញយន្តការប្រមូលកែច្នៃសំរាម រាប់ទាំងសំរាមជាថង់ប្លាស្ទិក ទាំងអនាម័យសណ្តាប់ធ្នាប់សាធារណៈឲ្យបានជាក់លាក់ និងមានប្រសិទ្ធភាពដោយកំណត់យកឆ្នាំ២០១៨ ជាឆ្នាំនៃ ការប្រកាសជ័យលាភីទីក្រុងស្អាត លើកទី២ និងជាការប្រកាសលទ្ធផល នៃការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី១។
សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានថ្លែងបញ្ជាក់ នៅក្នុងសារលិខិតអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។
ទិវាជាតិទីក្រុងស្អាតនេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។ ក្នុងថ្ងៃដដែលនោះក៏មានប្រារព្ធពិធីប្រគល់ជ័យលាភី «រង្វាន់សម្ដេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២» អមជាមួយជ័យលាភី បដិសណ្ឋារកិច្ចល្អ សេវាសាធារណៈរបស់ក្រុង-ខណ្ឌបេកភាព ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត លើកទី១។
ថ្លែងនៅក្នុងសារលិខិតនោះសម្តេតចតេជោ ហ៊ុន សែន បានបន្ថែមថា សន្តិភាពមិនអាចខ្វះបានសម្រាប់កម្ពុជា ពិភពលោកទាំងមូល «ប្រជាពលរដ្ឋកម្ពុជា ពិភពលោកទាំងមូល ក៏ត្រូវការការរស់នៅក្នុងសន្តិភាព ក្នុងបរិស្ថានល្អ និងបៃតង»។ ភាពស្អាត និងបៃតងជានិន្នាការនៃ យុគ្គសម័យបច្ចុប្បន្ន និងអនាគតរបស់មនុស្សជាតិ។ សម្តេចតេជោ បានបន្ថែមទៀតថា ក្នុងន័យនេះទីក្រុងដែលគួរឲ្យចង់រស់នៅចង់មកទស្សនាកម្សាន្ត ត្រូវតែជាទីក្រុងបៃតង ទីក្រុងស្អាត ជាទីក្រុងដែលមានបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ល្អ គួបផ្សំ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ដែលផ្តល់ភាពកក់ក្តៅ និងមជ្ឈដ្ឋានរស់នៅល្អប្រសើរដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុង។
ភ្ញៀវទេសចរ ក៏ចង់បានទីក្រុងដែលជាគោលដៅទេសចរណ៍ជាទីក្រុងដ៏ល្អស្អាត មានការយកចិត្តទុកដាក់អំពីភាពស្អាត បៃតង អនាម័យ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តាមគ្រប់មធ្យោបាយ មានការធានាសន្តិសុខសវុត្ថិភាពពេញលេញ សណ្តាប់ធ្នាប់ល្អ មានការបដិសណ្ឋារកិច្ចល្អជាដើម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមដើម្បីកម្ពុជា ស្អាត និងបៃតង និងក្លាយជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញបំផុត ក្នុងតំបន់ និងពិភពលោកផងដែរ៕