(កំពត)៖ ដោយអនុវត្តតាមបទបញ្ជា បង្ក្រាបឲ្យខានតែបាន ពាក់ព័ន្ធបទល្មើសព្រៃឈើរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាកាអាវុធហត្ថខេត្តកំពត បានបញ្ជាឲ្យកម្លាំងនៅព្រឹកទៀបភ្លឺថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ចុះបង្ក្រាបរថយន្តដឹកឈើ នៅចំណុចភូមិតាលី ឃុំកំពុងត្រាចខាងលិច ស្រុកកំពុងត្រាច ខេត្តកំពត។
មេបញ្ជាការរងអាវុធហត្ថខេត្តកំពត លោក ហែម ចាន់ ដារ៉ា បានឲ្យដឹងថា លទ្ធផលនៃការបង្ក្រាប កម្លាំងរបស់លោក បានចាប់ខ្លួនជនសង្ស័យ៣នាក់ និងរថយន្តសាំយ៉ុង២គ្រឿង ដឹកឈើប្រណិតពេញ។
ជនសង្ស័យទី១-ឈ្មោះ ឌីន សំសួន អាយុ២៦ឆ្នាំ មុខរបរបើកបររស់នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ទី២-ឈ្មោះ ស្រស់ វីរៈ អាយុ៣៤ឆ្នាំ មុខរបរបើកបរ រស់នៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ និងទី៣-ឈ្មោះ បាត រី អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិពង្រ ឃុំតាំងខ្យា ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
បើតាមមន្រ្តីអាវុធហត្ថ វត្ថុតាងដែលដកហូតបានរួមមាន៖ រថយន្តម៉ាកសាំយ៉ុងចំនួន០២គ្រឿង មានផ្ទុកឈើប្រណិតពេញ។
សម្រាប់ជនសង្ស័យ និងវត្ថុតាងត្រូវបានយកទៅសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តទៀត៕