(តាកែវ)៖ កម្មករ-កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «SolaModa» ស្ថិតនៅជិតទន្លេបាទី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ជាង២០នាក់ បានទន់ដៃទន់ជើង និងខ្លះទៀតដួលសន្លប់ ដោយសារតែពួកគេភ័យនឹងហេតុការណ៍ ឆ្លងចរន្តអគ្គិសនី រហូតឆេះកម្ទេចកម្ទីនៅក្នុងរោងចក្រ បណ្តាលឲ្យមានការភ្ញាក់ផ្អើល ហើយនាំគ្នារត់ចេញមកក្រៅ ឡើងប្រសេចប្រសាច នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី ខេត្តតាកែវ បានប្រាប់ Fresh News ថា ដំបូងឡើយមានករណីឆ្លងចរន្តអគ្គិសនីបានកើតឡើង រហូតក្លាយជា អគ្គិភ័យឆេះកម្ទេចក្រណាត់ នៅក្បែរអគារកាត់ដេរ បណ្តាលឲ្យក្រុមកម្មករទាំងអស់មានការភ័យខ្លាច នាំគ្នារត់ចេញមកក្រៅ រហូតមានអ្នកសន្លប់តែម្តង ជាង២០នាក់។
បើតាមលោកអធិការ ជនរងគ្រោះជាង២០នាក់នេះ ត្រូវបានសមត្ថកិច្ចរបស់លោក ហៅឡានពេទ្យជួយដឹកយកទៅសង្គ្រោះអស់ហើយ ដោយឡែកករណីអគ្គិភ័យនោះ ក៏ត្រូវខាងរោងចក្រនាំគ្នាបាញ់ពន្លត់រួចហើយដែរ។
លោក ង៉ាន់ សារី បានបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់មួយនេះមានកម្មករ-កម្មការិនីជាង៦០០នាក់៕