(ភ្នំពេញ)៖ ភាពយន្តខ្មែរលើកដំបូង ដែលទើបតែទទួលបានពានរង្វាន់ «Screening Award» ពីប្រទេសចិន កាលពីចុងឆ្នាំ២០១៦នេះ មានចំណងជើងថា «វិកលចរិត» ដែលជាវណ្ណកម្មរបស់ផលិតកម្ម មាតុចក្រ និងជារឿងទទួលបាន ការចាប់អារម្មណ៍ ទស្សនាច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ នាពេលកន្លងមកនោះ កំពុងតែបន្ដដំណើរ ទៅកាន់ខេត្ដបន្ទាយមានជ័យ ដោយត្រូវធ្វើការដាក់បញ្ចាំង ចាប់ពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
បើតាមការឲ្យដឹង ពីសំណាក់លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម មាតុចក្រ, ជាតួសម្ដែងក្នុងរឿង និងជាអ្នកដឹកនាំរឿង «វិកលចរិត» ផ្ទាល់ បានបង្ហាញឲ្យដឹងថា រឿង «វិកលចរិត» នឹងធ្វើការចាក់បញ្ចាំង ចាប់ពីថ្ងៃទី ២៤នេះ រហូតដល់ថ្ងៃអង្គារទី ២៨ កុម្ភៈ នៅរោង KL3D ផ្លូវចូលទឹកស្អាត ក្នុងក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ និងសូមអញ្ជើញបងប្អូន នៅក្នុងខេត្តនេះផ្ទាល់ ក៏ដូចជាខេត្តជិតៗគ្នាគ្នា ចូលរួមទស្សនាឲ្យបានច្រើនកុះករ។
មូលហេតុ ដែលលោក ហ៊ុយ យ៉ាឡេង សម្រេចយករឿង «វិកលចរិត»ទៅដាក់បញ្ចាំក់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានលោកបញ្ជាក់ថា ពីអតីតកាលលោកបានបញ្ចប់ថ្នាក់វិទ្យាល័យ នៅវិទ្យាល័យសម្តេចឪ ក្នុងខេត្ដបន្ទាយមានជ័យនេះផ្ទាល់តែម្ដង ហើយលោកសូមអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ជាពិសេសដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យសម្តេចឪ មកចូលរួមទស្សនា ខ្សែភាពយន្ដខ្មែរ រឿង «វិកលចរិត»ទាំងអស់គ្នា ដែលនេះជាខ្សែភាពយន្ដមួយ មានទាំងអ្នកក្នុងស្រុក និងក្រៅស្រុក បានទទួលស្គាល់ ថាពិតជាល្អ។ ការចូលរួមទស្សនា ភាពយន្តរបស់ខ្មែរ គឺជាកម្លាំងចិត្តមួយដ៏ធំធេង ដើម្បីលើកស្ទួយភាពយន្តខ្មែរ និងលើកទឹកចិត្តផលិតករខ្មែរ ដើម្បីបន្តផលិតភាពយន្តឲ្យបានច្រើនផងដែរ៕