(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងព្រមានធ្ងន់ៗ លើសហរដ្ឋអាមេរិក ជុំវិញការទម្លាក់គ្រាប់បែក រាប់លានតោនលើប្រទេសកម្ពុជា សម្លាប់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ ហើយមិនហ៊ានចេញមុខទទួលខុសត្រូវ ថែមទាំងបានលូកដៃចូលជ្រៀតជ្រេក ការងារផ្ទៃក្នុងកម្ពុជាទៀតនោះ, លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា ដែលធ្វើការការងារជាមួយ វិស័យដោះមីននៅកម្ពុជា បានថ្លែងនូវការគាំទ្រទាំងស្រុង ចំពោះការព្រមានរបស់ សម្តេចតេជោ ហ៊ុន សែន ចំពោះអាមេរិក។
ថ្លែងប្រាប់អង្គភាព Fresh News លោកទេសរដ្ឋមន្ត្រី សេរី កុសល បានថ្លែងថា «ខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះការព្រមានធ្ងន់ៗរបស់ សម្តេចតេជោ ចំពោះការជ្រៀតជ្រេកកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា និងគាំទ្រចំពោះការលើកឡើងរបស់សម្តេច ពីការទម្លាក់គ្រាប់បែករាប់លានតោន មកលើប្រទេសកម្ពុជា»។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមគាំទ្រការថ្លែងរបស់សម្តេចតេជោ ពាក់ព័ន្ធរឿងរ៉ាវទម្លាក់គ្រាប់បែករបស់អាមេរិក និងការព្រមានកុំឲ្យអាមេរិក លូកដៃចូលកិច្ចការងារផ្ទៃក្នុង របស់កម្ពុជានេះ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វជាតិ និងសមាគមសារព័ត៌មាននានា សូមចូលរួមឲ្យបានខ្លាំងក្លា ទាមទារឲ្យអាមេរិកចេញមុខទទួលខុសត្រូវ ចំពោះការសម្លាប់ប្រជាជនកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញប្រគល់ សញ្ញាបត្រជូននិស្សិតជយលាភី សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សម្តេចបានថ្លែងធ្ងន់ៗសំដៅចំពោះ ប្រទេសមហាអំណាចអាមេរិក ដែលបានទម្លាប់គ្រាប់បែក សម្លាប់ប្រជាជនខ្មែរ ហើយគ្រាប់បែកទាំងនោះ នៅតែបន្តគំរាមកំហែង ដល់អាយុជីវិតប្រជាពលរដ្ឋ ជារៀងរាល់ថ្ងៃ ដោយមិនទាន់បានដោះស្រាយ ប៉ុន្តែអាមេរិកនៅតែព្យាយាម លូកដៃចូលក្នុងបញ្ហាផ្ទៃក្នុងកម្ពុជាថែមទៀត ដែលបញ្ហានេះសម្តេចចាត់ទុកថា មហាអំណាចមួយនេះ ចង់ឲ្យមានបដិវត្តន៍ពណ៌ នៅប្រទេសកម្ពុជា។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការមិនពេញចិត្ត ចំពោះវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយ នៅកម្ពុជា ដែលទើបត្រូវបានរដ្ឋសភាអនុម័ត និងបញ្ជូនបន្តទៅព្រឹទ្ធសភា។
បើទោះបីជាសម្តេចតេជោ មិនបាននិយាយចំឈ្មោះថា «សហរដ្ឋអាមេរិក» ប៉ុន្តែការថ្លែងរបស់សម្តេចតេជោ ត្រូវបានគេដឹងថា សំដៅច្បាស់ទៅកាន់ «សហរដ្ឋអាមេរិក» ដែលធ្លាប់បាន គាំទ្ររដ្ឋាភិបាល លន់ នល់ កម្ទេចកម្ពុជានិងបានទម្លាក់គ្រាប់បែក សម្លាប់ប្រជាជនកម្ពុជា ហើយក៏ធ្លាប់គាំទ្រ មេដឹកនាំ ប៉ុល ពត នៅអង្គការ សហប្រជាជាតិផងដែរ។ សម្តេចបានហៅការ ជ្រៀតជ្រែកការងារផ្ទៃរបស់កម្ពុជា ពីសំណាក់រដ្ឋាភិបាលអាមេរិក ជាចេតនានាំឲ្យកម្ពុជាឈាន ទៅដល់បដិវត្តន៍ពណ៌ ដូចទៅនឹងប្រទេស លីប៊ី ស៊ីរី ជាដើម។
ការទម្លាក់គ្រាប់បែកជិត៣លានតោន សម្លាប់ពលរដ្ឋកម្ពុជាជាងកន្លះលាននាក់ ត្រូវបានសម្តេចតេជោ ថ្លែងថា អាមេរិកមិនដែលបានចេញ សេចក្តីថ្លែងការណ៍ ជាសាធារណៈមានការសោកស្តាយ ចំពោះស្លាប់បាត់បង់ជីវិត និងការរំលោភលើសិទ្ធិ របស់ប្រជាជនកម្ពុជានោះឡើយ ដែលបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «កាលពេលដែលអ្នកឯងទម្លាក់គ្រាប់បែកលើប្រទេសខ្ញុំ សម្លាប់ប្រជាជនខ្ញុំអ្នកឯងបានគិតដល់សិទ្ធិមនុស្សទេ? មកដល់ពេលនេះអ្នកឯងមានបានថ្លែងការ ជាសាធារណៈថាមានការសោកស្តាយដែលបានទម្លាក់ គ្រាប់បែកនៅកម្ពុជា ឬបានគាំទ្ររបប លន់នល់ ទម្លាក់សម្តេចព្រះនរោត្តមសីហនុ ហើយបន្តទៅគាំទ្រលន់នល់ ឲ្យបំផ្លាញប្រទេសកម្ពុជា នឹងនាំគ្រាប់បែកមកដាក់នៅលើទឹកដីកម្ពុជា បន្ទាប់ទៅអ្នកឯងគាំទ្រ ប៉ុលពត នៅអង្គការសហប្រជាជាតិ អ្នកឯងបានគិតពីសិទ្ធិទេ។ ច្បាប់ដែលរដ្ឋសភាអនុម័តមិនមែនជាច្បាប់ សម្លាប់ប្រជាជនកម្ពុជា ដូចដែលអ្នកឯងធ្លាប់សម្លាប់ ប្រជាជនកម្ពុជាទេ»។
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕