(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតមកត្រឹមឆ្នាំ២០១៧នេះ កម្ពុជារំដោះដីមានមីន បានជាង១៥០០គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ កសាងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានា ក្នុងនោះបានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះ ជិត៤លានគ្រាប់ ខណៈនៅសល់ផ្ទៃដីជិត២ពាន់គីឡូម៉ែត្រក្រឡាទៀត មិនទាន់រំដោះបាន ដែលទាមទារចំណាយពេល១០ឆ្នាំ និងថវិកាជាង៤០០លានដុល្លារ។
ការបញ្ជាក់ពីសមិទ្ធផលរំដោះមីននេះ ត្រូវបានរំលេចឡើងក្នុង សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិក្នុងទិវា ជាតិយល់ដឹងពីមីន លើកទី១៨ ថ្ងៃទី២៤ ខែកុម្ភៈនេះ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «គិតមកដល់ឆ្នាំ ២០១៧ សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាលក្ខណៈមនុស្សធម៌នៅកម្ពុជា មានរយៈពេល២៥ឆ្នាំមកហើយ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៦ ប្រតិបត្តិការសកម្មភាពមីនទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល រួមនឹងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ក្រោមការសម្របសម្រួល របស់អាជ្ញាធរមីន បានប្រឹងប្រែងរួមសម្រេចរំដោះដីមានមីនបានជាង ១៥០០គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចំការ កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ហើយបានរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១,០៣៦,៣៧៦គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះ ២៤,២៥១គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាម ២,៦៦០,៦៣៨គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួន ជនរងគ្រោះធ្លាក់ចុះពី៤៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៨៣នាក់ ក្នុងឆ្នាំ២០១៦កន្លងទៅ»។
របាយការណ៍របស់អាជ្ញាធរមីន បានឲ្យដឹងថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រមាណជាង ១៩៤៦គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវធ្វើការបោសសំអាតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៥ និងត្រូវចំណាយថវិកាប្រមាណ ៤០៦លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ខ្ញុំសូមកត់សំគាល់ថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ បញ្ហាគ្រោះថ្នាក់ដោយសារមីនតោន នៅតែបន្តកើតមានឡើង ជាញឹកញាប់ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ នៅក្នុងតំបន់ដែលមានផលប៉ះពាល់ ដោយសារមីន ហើយគ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះ ពីសង្គ្រាមក៏នៅតែបង្កឲ្យប្រជាពលរដ្ឋ យើងធ្លាក់ខ្លួនពិការ ស្លាប់បាត់បង់ជិវិត មនុស្ស សត្វពាហនៈ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ឲ្យបងប្អូនជនរួមជាតិ ដែលរស់នៅក្នុងតំបន់ រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើង ដោយសារគ្រាប់ទាំងនោះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមឥណ្ឌូចិន និងជម្លោះផ្ទៃក្នុង កម្ពុជា អស់រយៈពេលបីទសវត្សរ៍ មិនត្រឹមតែបង្កសោកនាដកម្មដ៏ធ្ងន់ធ្ងរចំពោះអាយុជីវិត ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧបសគ្គសម្រាប់ការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិទៀតផង។
សូមជម្រាបថា ក្នុងសង្គ្រាមឥណ្ឌូចិន មហាអំណាចសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង។
ចំពោះការទម្លាក់គ្រាប់បែក លើប្រទេសកម្ពុជា ស្លាប់ប្រជាជនកម្ពុជា អាមេរិកមិនដែលហ៊ានចេញមុខទទួលខុសត្រូវ និងចេញសេចក្តីការណ៍សូមទោស ចំពោះកម្ពុជាឡើយ លើសពីនេះថែមទាំងទារបំណុលថ្លៃគ្រាប់បែកទាំងនោះទៀត ដែលទង្វើទាំងនេះត្រូវបានប្រជាជនកម្ពុជាចាត់ទុកថា «អាមេរិកមិនមិនសម ជាប្រទេសមហាអំណាចឡើយ»៕