(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ គឺជាខួប ៣៨ឆ្នាំ នៃការជួបជុំគ្នាជាថ្មីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាមួយភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងកូនប្រុសលោក ហ៊ុន ម៉ាណែត បន្ទាប់ពីបានបែកគ្នាអស់រយៈពេលជិតពីរឆ្នាំ ដើម្បីធ្វើសកម្មភាពតស៊ូរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបវាលពិឃាតប៉ុលពត។
នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រវត្តិដ៏សែនក្តុកក្តួល និងឈឺចាប់មួយនេះ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដ៏លំបាកក្នុងការសម្រេចចិត្តរត់គេចខ្លួន ដើម្បីធ្វើសកម្មភាពតស៊ូរំដោះជាតិ។ លំបាកដោយសារម្ខាងត្រូវចាកចោលភរិយាដ៏កម្សត់ទាំងកូនក្នុងផ្ទៃជាង ៥ខែ ហើយម្ខាងទៀត គឺប្រជាជនរាប់លាននាក់ ដែលត្រូវរំដោះចេញពីការកាប់សម្លាប់។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ថ្ងៃ២៤ កុម្ភៈ ឆ្នាំ២០១៧ ជាខួបលើកទី៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំឡើងវិញ បន្ទាប់ពីការបែកគ្នាដោយការឈឺចាប់ជាមួយទឹកភ្នែករាប់លានដំណក់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧។ ជាពេលវេលាដ៏លំបាកក្នុងការសម្រេចចិត្តម្ខាង គឺប្រជាជនរាប់លាននាក់ ដែលត្រូវពួក ប៉ុល ពត កាប់សម្លាប់ ម្ខាងទៀតគឺភរិយាដ៏កំសត់រស់នៅម្នាក់ឯង ជាមួយកូនក្នុងផ្ទៃជាង៥ខែ»។
សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា ដែលបានប្រឡូកក្នុងសមរភូមិសង្រ្គាមតាំងពីអាយុជាង ១០ឆ្នាំ ព្រោះតែការបែកបាក់របស់អ្នកនយោបាយខ្មែរនោះ បានរំលឹកទៀតថា បន្ទាប់ពីប្រទេសជាតិត្រូវបានរំដោះ របបប៉ុលពត ត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សម្តេច និងភរិយា ព្រមទាំងកូន ក៏បានជួបគ្នាឡើងវិញ នៅថ្ងៃទី២៤ ខែកុម្ភៈ ១៩៧៩។ ការជួបនេះ បានធ្វើឲ្យសម្តេចសប្បាយចិត្តជាខ្លាំង តែសម្តេចក៏តក់ស្លុត និងរន្ធត់ចិត្តណាស់ផងដែរ នៅពេលកូនជាទីស្រឡាញ់បែរជាមិនស្គាល់សម្តេចថាជាឪពុករបស់ខ្លួន។
អក្ខរាដែលបានថ្លាថ្លែងលើទំព័រ Facebook បង្កប់ដោយក្តីសោកសង្រេងនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ បានបូជាកម្លាំងកាយចិត្ត និងទុក្ខលំបាកសពបែបយ៉ាង ដើម្បីសន្តិភាព និងក្តីសុខរបស់ពលរដ្ឋកម្ពុជា បានរំលឹកបន្តថា «ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនស្ទើរទូទាំងប្រទេសប្បាយរីករាយ បន្ទាប់ពីបានរំដោះចេញពីរបបប្រល័យពូជសាស្ត្រ ប៉ុល ពត។ ខ្លួនខ្ញុំពិតមែនតែរីករាយ ប៉ុន្តែការគ្មានព័ត៌មានពីភរិយា (នៅរស់ឬស្លាប់) ធ្វើឱ្យខ្ញុំបន្តស្រក់ទឹកភ្នែកមិនឈប់។ ៤៧ថ្ងៃដែលភរិយាខ្ញុំ សម្ងំលាក់ខ្លួន ដើម្បីសុវត្ថិភាពជាពេលវេលាទុក្ខព្រួយរបស់ខ្ញុំ។ ថ្ងៃ២៤ កុម្ភៈ ឆ្នាំ ១៩៧៩ ពេលបានជួបជុំគ្នាឡើងវិញ យើងពិតជាសប្បាយចិត្តខ្លាំងណាស់ តែមិននឹកស្មានថា ម៉ាណែត ដែលមិនស្គាល់ឪពុករារាំងខ្ញុំ និងភរិយាខ្ញុំ មិនឱ្យនៅក្បែរគ្នា រហូតដល់២ខែទៀត»។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា «ខ្ញុំពិតជាតក់ស្លុតនៅពេល ម៉ាណែត ហៅខ្ញុំថា ពូ និងបណ្តេញខ្ញុំចេញពីម្តាយគេរយៈពេល២ខែ។ រៀងរាល់យប់ខ្ញុំត្រូវរង់ចាំ ម៉ាណែត គេងលក់សិនទើបហ៊ាន ទៅសំរាកជាមួយម្តាយគេ។ នេះហើយជារសជាតិនៃការនិរាសព្រាត់ប្រាស់ ដោយសារសង្គ្រាម។ រឿងរបស់ខ្ញុំគឺជារឿងតូចមួយ ក្នុងចំណោមរឿងដែលបានកើតឡើង សំរាប់ប្រជាជនកម្ពុជា នាដំណាក់កាលសង្គ្រាម និងរបប ប៉ុល ពត។ ទោះពេលវេលាបានកន្លងហួសរាប់សិបឆ្នាំហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងកូនទី១ស្លាប់ និងការបែកគ្នារហូតកូន មិនស្គាល់ឪពុកទឹកភ្នែកខ្ញុំ នៅតែបន្តហូរមកដោយមិនដឹងខ្លួន។ ដោយតម្លៃណាក៏ដោយត្រូវ ការពារសន្តិភាពឱ្យបាន និងមិនត្រូវអត់ឲ្យឲ្យអ្នកណាក៏ដោយ ដែលបំផ្លាញសន្តិភាព និងបង្កឱ្យមានចលាចល»។
ក្រៅតែពីការរៀបរាប់បង្ហាញនូវក្តីឈឺចាប់ នៃការព្រាត់ប្រាស់ក្នុងសម័យសង្គ្រាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្តេជ្ញាការពារសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ហើយមិនត្រូវអត់ឱនដល់ជនណា ដែលប៉ុនប៉ងបំផ្លាញសន្តិភាព និងបង្កឱ្យមានចលាចលនោះឡើយ៕