(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជនជនរួមជាតិ ក្នុងឱកាសទិវាជាតិយល់ដឹងពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ដោយបានអំពាវនាវ ឲ្យបងប្អូនជនរួមជាតិ ដែលរស់នៅក្នុងតំបន់ រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើង ដោយសារគ្រាប់ទាំងនោះ។
ថ្លែងនៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងទទូច ដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពកំចាត់មីន និងដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រជាពលរដ្ឋ ដូចខាងក្រោមនេះ៖
១៖ អាជ្ញាធរដែនដី ត្រូវរួមសហការ និងលើកទឹកចិត្តប្រតិបត្តិករសកម្មភាពមីន និងអង្គការពាក់ព័ន្ធ ត្រូវគាំទ្រ និងជម្រុញការអនុវត្តកម្មវិធីអប់រំ ដែលប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋ នៅតាមសហគមន៍ ដែលងាយរងគ្រោះថ្នាក់ ឲ្យបានជ្រួតជ្រាបពីហេតុផលគ្រោះថ្នាក់ និងផលវិបាកនៃគ្រោះថ្នាក់ ព្រមទាំងមានវិធានការឲ្យបានតឹងរឹង ចំពោះទង្វើនៃការលេង ឬកែច្នៃគ្រាប់ ដែលតែងតែបង្កឲ្យមានគ្រោះថ្នាក់។
២៖ ប្រតិបត្តិករ និងដៃគូអភិវឌ្ឍន៍ ចូលរួមឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការកាត់បន្ថយចំនួនគ្រោះថ្នាក់ ដោយត្រូវខិតខំបង្កើននូវសកម្មភាពបោសសម្អាតមីន ឆ្លើយតបទៅនឹងសំណូមពរជាបន្ទាប់ របស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ចំពោះមុខ ដោយគួបផ្សំនឹងវិធានការបច្ចេកទេសនានា ដូចជាការដាក់ស្លាកសញ្ញាសម្គាល់ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងអំពីតំបន់គ្រោះថ្នាក់។
៣៖ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសកុមារា និងកុមារី សូមចូលរួម និងចងចាំក្នុងស្មារតីថា ត្រូវគោរពប្រតិបត្តិតាមការអប់រំ ការប្រាប់ ការបង្ហាញរបស់អាជ្ញាធរមូលដ្ឋាន អាណាព្យាបាល អង្គការ, ត្រូវរាយការណ៍ជាបន្ទាន់ឲ្យអាណាព្យាបាល សមត្ថកិច្ចនគរបាល អាជ្ញាធរមូលដ្ឋាន ឬអង្គភាពបោសសម្អាតមីនដែលនៅជិតបំផុត ពីកន្លែងគ្រាប់យុទ្ធភ័ណ្ឌ បានជួបប្រទះ ដោយកុំប៉ះពាល់ជាដាច់ខាត, មិនត្រូវច្នៃ និងប្រកបរបរជាមួយគ្រឿងផ្ទុះ, មិនត្រូវប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីចូលរុករានក្នុងព្រៃ ឬដីចំការ។
បន្ថែមពីលើនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្តែងការអរគុណ ទៅដល់ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការជាតិ-អន្តរជាតិ និងប្រតិបត្តិករសកម្មភាពមីនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងបេសកកម្មបោសសម្អាតមីន និងរាល់ប្រតិបត្តិករ សកម្មភាពមីននៅកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងការលើកកម្ពស់សុវត្ថិភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា៕