Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះការតវ៉ាការបិទផ្លូវទៀតហើយ! កម្មករអូសរទេះបិទផ្លូវតវ៉ាមុខ ច្រកព្រំដែនប៉ោយប៉ែតជាថ្មី ដោយសារគយថៃបន្តយកពន្ធនាំចូលត្រីថ្លៃ១៥០០បាតដដែល

24-02-2017 09:29

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្មករអូសរទេះដឹកត្រីចូលទឹកដីថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបន្តបិទផ្លូវជាតិ ត្រង់ចំណុចស្ពានមិត្តភាពខ្មែរ-ថៃ ក៏ព្រោះតែមន្ត្រីគយថៃ នៅតែបន្តយកពន្ធថ្លៃហួសកម្រិត ដែលពីមុនត្រីមួយរទេះ២០០គីឡូ យកតែ៣០០-៤០០បាត តែឥឡូវយកលុយរហូត ដល់១៥០០បាតឯណោះ នេះបើតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារ Fresh News។

បន្ទាប់ពីមានការតវ៉ាជាថ្មី ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍នោះ គេឃើញអភិបាលក្រុងប៉ោយ​ប៉ែត លោក ង៉ោ ម៉េងជ្រួញ និង លោក ស៉ឹម សំអាត ប្រធានច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងជួបចរចាជាមួយភាគីថៃ។

សូមជម្រាបថា នៅថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញ កម្មករខ្មែរអូសរទេះដឹកត្រីប្រមាណ១០០នាក់ បានផ្ទុះការតវ៉ាយ៉ាងខ្លាំង រហូតចាក់ត្រីចោល និងយកត្រីទាំងនោះ ចៀននៅលើស្ពាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយសារតែពួកខឹងមន្រ្តី និងសមត្ថកិច្ចថៃ សម្រេចតម្លើងថ្ងៃពន្ធខ្លាំងពេក។

តាមកម្មករអូសរទេះ បានប្រាប់ភ្នាក់ងារ Fresh News ថា ពីមុនត្រីមួយរទេះ២០០គីឡូក្រាម សមត្ថកិច្ចថៃយកពន្ធចន្លោះពី៣០០ ទៅ៤០០បាត តែនៅពេលនេះ ស្រាប់តែយកពន្ធរហូតដល់១៥០០បាតទៅវិញ ជាហេតុនាំពួកគេផ្ទុះការតវ៉ាតែម្តង៕