(ភ្នំពេញ)៖ លោក លី សុខលេង ចៅក្រមជំនុំជំរះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមផ្តន្ទាទោសយុវជន វ៉ែន សុភាព ហៅ សាម សុភាព ដាក់ពន្ធនាគារ២ឆ្នាំ និង ពិន័យជាប្រាក់ចំនួន២លានរៀល ពាក់ព័ន្ធនឹងការគំរាមកំហែង និងជេរប្រមាថដល់អាយុជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមបណ្តាញសង្គម Facebook ។
ជនជាប់ចោទឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកទេស នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។ យុវជនរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការពីបទ គំរាមកំហែងថា នឹងសម្លាប់ និង ញុះញង់ឲ្យមានការរើសអើង តាមមាត្រា២៣៣ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ។
ក្នុងសវនាការកន្លងទៅ ជនជាប់ចោទបានសារភាពពីការប្រើសិទ្ធិផ្ទាល់ខ្លួនក្នុងការបញ្ចេញមតិ ដោយការសរសេរលើបណ្ដាញសង្គម Facebook នោះ គឺគ្រាន់តែជាការរិៈគន់ និងប្រមាថចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីកែលំអ ហើយជនជាប់បានសារភាពនូវកំហុសរបស់ខ្លួន និងបានសុំឲ្យតុលាការបន្ធូបន្ថយទោស ដើម្បីកសាងខ្លួនជាថ្មី៕