(ភ្នំពេញ)៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបញ្ជាឲ្យគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ទាំងអស់ ផ្លាស់ប្ដូរនិមិត្តសញ្ញារូបហង្សចេញរួចមក នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេមា ដែលជាគ្រឹះស្ថានឯកជនសុទ្ធសាធមួយ និងមានរូបក្បាលហង្ស ជានិមិត្តសញ្ញាតំណាងគ្រឹះស្ថានរបស់ខ្លួននោះបានអនុវត្ត តាមអនុសាសន៍ភ្លាម។

ការផ្លាស់ប្ដូរនិមិត្តសញ្ញា រូបក្បាលហង្ស ចេញនេះ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេមា ធ្វើនៅគ្រប់ការិយាល័យ និងសាខារបស់ ខ្លួនតែម្ដង។ ជាក់ស្តែង នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ការិយាល័យកណ្តាលរបស់គ្រឹះស្ថានខេមាបានដក រូបក្បាលហង្សនោះចេញហើយ ដើម្បីចៀសវាងមានការភ័ន្តច្រឡំ ជាមួយនឹងនិមិត្តសញ្ញារបស់ គ្រឹះស្ថានរដ្ឋាភិបាល តទៅទៀត។

សូមជម្រាបថា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ខេមា បានចុះបញ្ជីពាណិជ្ជកម្មលេខ និងបានទទួលអាជ្ញាបណ្ណពីធនាគាជាតិ នៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១០ ដើម្បីប្រកបអាជីវកម្មផ្តល់ឥណទាន ជូនប្រជាជនកម្ពុជា ដោយមានរូប «ក្បាលហង្ស ក្នុងរង្វង់អក្សរ C» ជានិមិត្តសញ្ញាពាណិជ្ជកម្ម សម្គាល់គ្រឹះស្ថានរបស់ខ្លួន។

ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយថ្មី របស់រាជរដ្ឋាភិបាល ក្នុងការកែតម្រូវការស្លាកសញ្ញាពាណិជ្ជកម្ម គ្រឹះស្ថានខេមា បានចេញសេចក្តីប្រកាសព័ត៌មាន តាមទំព័រ Facebook ផ្លូវការថា គ្រឹះស្ថានកំពុងតែដំណើរផ្លាស់ប្តូរនិមិត្តសញ្ញា ពាណិជ្ជកម្មរបស់ខ្លួន តាមបណ្តាការិយាល័យ និងសាខា ព្រមទាំងឯកសារផ្សព្វផ្សាយដែលពាក់ព័ន្ធនានា។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាប្រចាំថ្ងៃ ជូនសាធារណជនឲ្យបានជ្រាបថា គ្រឹះស្ថានមីក្រូហិ​រញ្ញវត្ថុទាំងអស់ នៅកម្ពុជា គឺជារបស់ឯកជនមួយភាគរយ មិនមែនជារបស់រដ្ឋនោះទេ៕