(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បានសំដែងការ សប្បាយចិត្តជាខ្លាំង ខណៈប្រព័ន្ធលូ និងផ្លូវបេតុង មានទាំងជង្ហុក តូចធំ ដែលពួកគាត់ពិបាកធ្វើដំណើរ ចេញចូលរាល់ថ្ងៃនេះ ត្រូវបានលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចេញមុខមកជួយដាក់ទាំងប្រព័ន្ធលូបង្ហូរទឹក និងស្ថាបនាទាំងផ្លូវបេតុង នៅពេលឆាប់ៗខាងមុខនេះ ។
ការចេញមកជួយស្ថាបនាប្រព័ន្ធលូ និងផ្លូវបេតុងនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៧ នៅត្រង់ចំណុច ជួរមាត់ទន្លេ ស្ថិតក្នុងក្រុម៥ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ បន្ទាប់ពីលោក ជា ពិសី បានឆ្លៀតឱកាស ដឹកនាំមន្ត្រី អាជ្ញាធរសង្កាត់ ភូមិ និងក្រុម ក្នុងការចុះមកសំណេះសំណាល សួរសុខទុក្ខ ដើម្បីចង់ដឹង ពីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលកើតមានក្នុងមូលដ្ឋាន។
ក្នុងឱកាសសំណេះសំណាលនេះ លោក ជា ពិសី បានថ្លែងថា ខ្ញុំគ្រាន់តែឆ្លៀតពេល ដើម្បីមកសួរសុខទុក្ខ ហើយក៏ដើម្បី ចង់ដឹង ចង់ឃើញ ចង់ឭផ្ទាល់ ពីបញ្ហាកង្វល់ផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋយើង តើមានអ្វីខ្លះប៉ុណ្ណោះ ? ។ បន្ថែមពីនេះ លោក ជា ពិសី ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ សូមមេត្តា កុំជឿតាមការឃោសនា ញ៉ុះញ៉ុង ពីក្រុមដែលឆ្លៀតឱកាស ចេះតែសន្យា និងបបួល ទៅធ្វើអ្វីផ្ទុយពីច្បាប់ ហើយជាពិសេស សូមឲ្យប្រជាពលរដ្ឋ ដែលមានបញ្ហា ឫកង្វល់អ្វីមួយ អាចទំនាក់ទំនង រាយការណ៍មកអាជ្ញាធរ ដែលមានលោក វ៉ាន់ ផន ជាចៅសង្កាត់ និងភូមិក្រុមរបស់យើង និងចាំជួយ ដោះបញ្ហាជូនយើងទាំងអស់គ្នា ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ ក៍បានលើកឡើងផងដែរថា កង្វល់ដែលពួកគាត់មាន គឺជាបញ្ហាប្រព័ន្ធលូបង្ហូរទឹក និងផ្លូវ ដែលពួកគាត់ ធ្វើដំណើរចេញចូល លំនៅដ្ឋានរាល់ថ្ងៃ មានការពិបាកយ៉ាងខ្លាំងដោយសារផ្លូវ ដែលធ្វើដំណើរបច្ចុប្បន្ន មានជង្ហុកតូចធំជាច្រើន ។ បន្ថែមពីនេះ ប្រជាពលរដ្ឋបានស្នើឲ្យលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ជួយស្ថាបនា ផ្លូវ១ខ្សែនេះផង ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូលលំនៅដ្ឋាន។
ជាការឆ្លើយតបដើម្បីឲ្យទាន់សភាពការលោក ជា ពិសី បានធ្វើតាមសំណូមពរ របស់ប្រជាពលរដ្ឋភ្លាមៗ ដោយស្ថាបនាផ្លូវ ដែលមានប្រវែងជាង៤០ម៉ែត្រ និងមានទទឹង២មែត្រ ដោយសម្រេចចាក់កម្រាស់៦ហ៊ុន ឲ្យទៅជាផ្លូវបេតុង ព្រមទាំងដាក់ ទាំងប្រព័ន្ធលូបង្ហូរទឹក ប្រវែងជាង៤០ម៉ែត្រ នៅពេលឆាប់ៗខាងមុខនេះតែម្ដង ដើម្បីជូនបងប្អូនប្រជាពលរដ្ឋ៕