(ចម្ប៉ាសាក់)៖ ក្រសួងទេសចរណ៍កម្ពុជា បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់ និងជួបពិភាក្សាជាមួយភាគីឡាវ នៅខេត្តចម្ប៉ាសាក់ សម្រាប់កិច្ចសហប្រតិបត្តិការ សម្របសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ រវាងប្រជាជនប្រទេស ទាំងពីរ ឆ្លងកាត់ព្រំដែនអន្តរជាតិត្រពាំងគ្រៀល ក្នុងដែនដីខេត្តស្ទឹងត្រែង និងខេត្តណងណុកឃៀង ប្រទេសឡាវ។
កិច្ចប្រជុំនេះ ដើម្បីធ្វើការសម្របសម្រួល ការធ្វើដំណើរឱ្យបានរលូន និងមានភាពងាយស្រួកឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ឡាវ ក្នុងការពង្រីកកំណើនវិស័យទេសចរណ៍ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
កិច្ចប្រជុំបានធ្វើឡើង នារសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ Champasak Grand Hotel នៃក្រុង ប៉ាក់សេ ខេត្តចម្ប៉ាសាក់ ក្រោមមានវត្តមាន លោក ហួយ សុភាព អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តចម្ប៉ាសាក់ និងថ្នាក់ដឹកនាំ ប្រតិភូកម្ពុជាចំនួន ២៨រូប ដឹកនាំដោយលោក ហ៊ុយ ភីរក្ស អគ្គនាយករងទេសចរណ៍ ក្នុងនោះមានលោកប្រធានមន្ទីរ ទេសចរណ៍ ខេត្តស្ទឹងត្រែង-ខេត្តរតនគិរី-ខេត្តមណ្ឌលគិរី-ខេត្តក្រចេះ-ខេត្តព្រះវិហារ-ខេត្តសៀមរាប-ខេត្តកំពុងធំ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងក្រុមនិស្សិតកម្ពុជាមួយចំនួន។
ចំណែកភាគីឡាវវិញ មានលោក ប៊ូលី ផេតសុងខាំ នាយករដ្ឋបាលខេត្តចម្ប៉ាសាក់ លោកស្រី ម៉ាឡា ចាន់ថាឡាម អនុប្រធានមន្ទីរទេសចរណ៍ ខេត្តចម្ប៉ាសាក់ រួមនិងមន្ត្រីមន្ទីរទេសចរណ៍ខេត្ត វិស័យឯកជន និងអ្នកជាប់ពាក់ព័ន្ធ សរុប៣០រូប។
ភាគីខេត្តចម្ប៉ាសាក់ និងភាគីកម្ពុជា បានសន្យាថានឹងធ្វើការផ្សព្វផ្សាយ ពីសក្តានុពល និងវិសាលភាពរវាងតំបន់ បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ វត្តភូ ក្នុងខេត្តចម្ប៉ាសាក់ ទៅកាន់តំបន់អេកូទេសចរណ៍នានា នៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តកំពង់ធំ និងឆ្ពោះទៅតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ រួមនិងតំបន់រមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ។
ចំណែកវិស័យឯកជន នៃប្រទេសទាំងពីរវិញ ក៏នឹងរៀបចំលក់កញ្ចប់សេវាកម្មទេសចរណ៍ ឱ្យបានទាន់ពេលវេលាក្នុងឱកាស បុណ្យទន្លេ លើកទី៣ ដែលនឹងប្រព្រឹត្តទៅ នៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី២៤-២៥-២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ និងក្រោយបុណ្យទន្លេ។ ភាគីទាំងពីរក៏បានលើកឡើង នូវការពង្រឹងគុណភាពសេវាកម្ម រថយន្តដឹកជញ្ជូនទេសចរណ៍ ឆ្លងប្រទេស កម្ពុជា-ឡាវ ផងដែរ។
រដ្ឋបាលខេត្តចម្ប៉ាសាក់ ក៏នឹងរៀបចំខ្សែទស្សនកិច្ចទេសចរណ៍មកកម្ពុជាវិញ ដើម្បីរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ មកកាន់កម្ពុជាផងដែរ។
នៅមុនកិច្ចប្រជុំនេះ គណៈប្រតិភូកម្ពុជា បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ពីសក្តានុពល និងវិសាលភាព នៃតំបន់ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ តាមដងទន្លេមេគង្គ ដូចជា សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ អន្លង់ផ្សោតអន្លងឈើទាល ទឹកធ្លាក់សុភ័ក្រមិត្ត/ព្រះនិមិត្ត (ខាងខ្មែរ) ទឹកធ្លាក់ល្បាក់ខោន (ខាងឡាវ) ទីក្រុងប៉ាក់សេ វត្តភូសាឡៅ (វត្តលើភ្នំ) ជាទីកន្លែងដ៏ស័ក្តិសិទ្ធ សម្រាប់អ្នកមានជំនឿខាងព្រះពុទ្ធសាសនា រួមទាំងបានទៅទស្សនា ប្រាសាទវត្តភូ ដែលជាប្រាង្គប្រាសាទបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នៅខេត្តចម្ប៉ាសាក់ ជាមួយការទៅទស្សនា តំបន់ទឹកធ្លាក់ និងចម្ការកាហ្វេដ៏ល្បី នៅខេត្តចម្ប៉ាសាក់ ផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ នឹងជំរុញការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) និងជំរុញភ្ញៀវទេសចរ មកកម្សាន្តក្នុងឱកាសពិធីបុណ្យទន្លេ លើកទី៣ ផងដែរ។
ភាគីទាំងពីរ បានបញ្ចប់នូវកិច្ចប្រជុំប្រកបដោយមិត្តភាព សាមគ្គីភាព ជាមួយនិងការយោគយល់គ្នាខ្ពស់ រួមទាំងបានជូន នូវវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក និងមានរៀបចំអាហារសាមគ្គីរួមគ្នា ការសម្ដែងសិល្បៈ របាំប្រពៃណីឡាវ ផងដែរ៕