(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រហូតដល់ពេលនេះ កម្ពុជាមានបំណុលបរទេសដែលយកមកអភិវឌ្ឍប្រមាណ ៦ពាន់លានដុល្លារអាមេរិក ដែលស្ថិតនៅកំរិតទាបនៅឡើយបើធៀបនឹងប្រទេសដទៃ។ ប៉ុន្តែលោកអះអាងថា បំណុលទាំងនោះសុទ្ធតែជាបំណុលត្រឹមត្រូវ ដែលបានយកមក ប្រើប្រាស់អភិវឌ្ឍចំទិសដៅ។
លោក សុខ ឥសាន បានថ្លែងថា «នៅលើពិភពលោកគ្មានប្រទេសណា មិនជំពាក់បំណុលគេទេ ដូចជាប្រទេស មហាអំណាចសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឈន៍ទាំងអស់ សុទ្ធតែមានបំណុល ហើយមានអត្រាខ្ពស់ទៀតរហូតដល់ជាង១០០ភាគរយនៃផលទុនជាតិ។ បញ្ហាសំខាន់ ឲ្យតែខ្ចីគេយកមកអភិវឌ្ឈចំទិសដៅ ឲ្យប្រទេសមានការរីកចំរើន ដូចឃើញសព្វថ្ងៃនេះ ទើបជាកម្ចីត្រឹមត្រូវ»។
អ្នកនាំពាក្យគណបក្សកាន់អំណាចបានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៩រហូតមក ប្រទេសកម្ពុជាមានឱកាសកសាង និងអភិវឌ្ឍឲ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានា លើពិភពលោក។ ក្នុងការអភិវឌ្ឈនេះទាមទារមានទុន ជាហិរញប្បទាន ដែលផ្តល់ដោយបណ្តាប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបានសន្យាផ្តល់ ឲ្យសំរាប់ស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីបញ្ចប់សង្គ្រាម និងមានសន្តិភាពពេញលេញមក។
លោកបញ្ជាក់ថា «ក្នុងការខ្ចីប្រាក់គេ គេមានបែបបទច្បាស់លាស់ដែលត្រូវបំពេញ និងមានការសិក្សាវាយតម្លៃត្រឹមត្រូវ ដោយមាន ការចូលរួមពី អ្នកជំនាញនៃប្រទេសម្ចាស់ជំនួយ។ ទោះបីជាកម្ចី តែបើធ្វើឯកសារមិនត្រឹមត្រូវទេ និងបើមិនមានសំណូមពរប្រើប្រាស់ចំគោលដៅទេ ក៏គេមិនផ្តល់ដែរ»៕