(ឧត្តរមានជ័យ)៖ ប្រធានស្នាក់ការច្រកជប់គគីរ លោក យឿន វិបុល បានអះអាងនៅរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា សកម្មភាពរបស់មន្ត្រីទំនាក់ទំនងព្រំដែន ដែលឈរជេរគ្នា និងឈរបញ្ជាមិនឲ្យពលរដ្ឋថៃចូលទឹកដីខ្មែរនោះ ថាជាការរំលោភលើអនុក្រឹត្យ លេខ៦៤ និងជាការធ្វើខុសនឹងច្បាប់។
លោក យឿន វិបុល បាននិយាយថា សកម្មភាពមន្ត្រីទំនាក់ទំនងច្រកព្រំដែនជប់គគីរ ឈរជេរសមត្ថកិច្ច និងបញ្ជាមិនឲ្យពលរដ្ឋថៃ ឆ្លងចូលដីខ្មែរទិញសំបុត្រ ដែលបង្ហោះលើ Facebook នោះ មានការរិះគន់ពី ប្រជាពលរដ្ឋគ្រប់ទិសទី អ្នកខ្លះទៀតបានរិះគន់ថា «មិនចេះខ្មាស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចថៃ ដែលឈរជើងនៅទីនោះ»។
លោក យឿន វិបុល បានបន្តថា ករណីនេះ មិនដឹងមកពីមូលហេតុអ្វីនោះទេ ស្រាប់តែមន្ត្រីទំនាក់ទំនងព្រំដែនធ្វើបែបនេះ ដែលផ្ទុយពីច្បាប់។ លោកថា ករណីនេះ មិនមែនមានតែម្តងនោះទេ គឺនេះជាលើកទី២ហើយ។ លោកបានរាយការណ៍ទៅ លោកអភិបាលខេត្តរួចហើយ។
ដោយឡែក លោក ខាត់ សុខឃឿន ប្រធានបុស្តិ៍នគរបាលព្រំដែនច្រកទ្វារជប់គគីរ បានឲ្យដឹងថា ទង្វើរបស់មន្ត្រីទំនាក់ទំនងព្រំដែននៅមាត់ច្រកនោះ គឺមិនសមនោះទេ មានរឿងអីយើង ត្រូវនិយាយគ្នា មិនមែនមករំលោភការងារគេនោះទេ។
លោកបន្តថា ករណីប្រជាពលរដ្ឋចេញ-ចូល គឺខាងថៃ និងខ្មែរបានស្រុះស្រួលគ្នា ហើយការចេញ-ចូល ត្រូវធ្វើការត្រួតពិនិត្យទាំងសងខាង មិនមែនខ្លួនមកឈរបញ្ជាឲ្យគេចូលស្រេចតែចិត្តនោះទេ។
បញ្ហានេះ លោក ប៉ែត ភា ប្រធានក្រុមទំនាក់ទំនងព្រំដែនច្រកជប់គគីរ បានថ្លែងថា បញ្ហាខាងលើនេះ «មូលហេតុគឺរវាងកូនចៅ និងកូនចៅពួកគាត់ ទាស់សម្តីគ្នាទេ បែរជាថតវីដេអូ បង្ហោះតាម Facebook យ៉ាងណាមិញខ្ញុំ មិនចង់ឲ្យលក់សំបុត្រយកលុយ ពីប្រជាពលរដ្ឋទាំងសងខាងទេ ព្រោះអីច្រកទ្វារប៉ោយប៉ែតឯនោះ អាជ្ញាធរបានបញ្ឈប់ការលក់សំបុត្រហើយ ព្រោះអីយើងជាមន្ត្រីរាជការ ស៊ីប្រាក់ខែពីរាស្ត្រ ចឹងយើងត្រូវបម្រើពួកគាត់»៕