(ម៉ិចស៊ីកូ)៖ រដ្ឋាភិបាលម៉ិចស៊ីកូជាថ្មីម្ដងទៀត បានថ្កោលទោសគោលនយោបាយជនភៀសខ្លួនថ្មី របស់សហរដ្ឋអាមេរិកដែលមានបំណងបណ្ដេញជនភៀសខ្លួនខុសច្បាប់ ឬមិនមានលិខិតស្នាមត្រឹមត្រូវ ទំាងអស់ចេញពីទឹកដីអាមេរិក ហើយដែលជនភៀសខ្លួនទំាងនេះអាចនឹងត្រូវបញ្ជូនមកកាន់ម៉ិចស៊ីកូបើទោះជាពួកគេមិនមែនជាប្រជាជនម៉ិចស៊ីកូក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមគោលនយោបាយជនភៀសខ្លួនថ្មីរបស់លោក ដូណាល់ ត្រាំ អាជ្ញាធរអាមេរិក នឹងចាប់បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ឬគ្មានលិខិតស្នាមត្រឹមត្រូវត្រឡប់ទៅកាន់ម៉ិចស៊ីកូ ឬក៏បើពួកគេមកពីទីណា ត្រូវទៅទីកន្លែងនោះវិញ ខណៈគេមិនទាន់ច្បាស់នៅឡើយទេថា តើអាជ្ញាធរអាមេរិកនឹងបង្ខំឱ្យប្រទេសក្បែរ ខាងរបស់ខ្លួនមួយនេះទទួលយកជនភៀសខ្លួនបរទេស ឬយ៉ាងណានោះទេ។
តែទោះបីជាយ៉ាងណារដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក ល្វីស វីដេហ្គា រ៉ាយ (Luis Videgaray) បានទាត់ចោលក៏ដូចជាថ្កោលទោសគោលនយោបាយនេះ ដោយលោកបញ្ជាក់ដូច្នេះថា «ប្រទេសរបស់ខ្ញុំមិនអាចទទួលយកបានឡើយ ចំពោះការសម្រេចចិត្តជាឯកតោភាគីបែបនេះ ដែលត្រូវបានដាក់កំហិតដោយរដ្ឋាភិបាលមួយលើអ្នក ឬរដ្ឋាភិបាលដ៏ទៃ»។
គួរបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) និងរដ្ឋមន្ត្រីសន្តិសុខមាតុភមិ លោក ចន ឃែលី (John Kelly) កំពុងស្ថិតនៅក្នុងប្រទេសម៉ិចស៊ីកូ ហើយអ្នកទំាងពីរ នឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីម៉ិចស៊ីកូ ស្របពេលប្រទេសជិតខាងទំាងពីរកំពុងមានជម្លោះការទូតនឹង គ្នារឿងគំរោងសាងសង់ជញ្ជាំងព្រំដែនរបស់លោក ដូណាល់ ត្រាំ៕