(ភ្នំពេញ)៖ ជនបង្ក ដែលបើករថយន្តបុក លោក ស្រូយ នីកា អ្នកកាសែតរស្មីកម្ពុជា និងជាបុគ្គលិកទូរទស្សន៍ CNC បណ្តាលឱ្យស្លាប់នោះ ត្រូវបានសមត្ថកិច្ច បញ្ជូនមកតុលាការ រាជធានីភ្នំពេញហើយ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ពេលនេះ ជនបង្កកំពុងស្ថិតក្រោមការសាកសួររបស់ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា លោក ស្រូយ នីកា វ័យជាង៣០ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត គួរឲ្យសោកស្តាយជាទីបំផុត នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដោយរថយន្តបាញ់ស៊ីម៉ង់ត៍កិនបែកក្បាល។
លោក ស្រូយ នីកា ដែលបានចូលប្រឡូកលើវិស័យព័ត៌មានយូរឆ្នាំរូបនេះ បានជិះម៉ូតូចេញពីហូបការនៅកោះពេជ្រ បំណងទៅផ្ទះនៅតាមផ្លូវវេងស្រេង ស្រាប់តែពេលមកដល់ ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង ដោយបុកជាមួយរថយន្តបាញ់ស៊ីម៉ង់ត៍ រហូតកិនបែកក្បាលគួរឲ្យ អាណិតយ៉ាងខ្លាំង។
បន្ទាប់ពីទទួលបានព័ត៌មានពីគ្រោះថ្នាក់ចរាចរណ៍ ដ៏មិននឹកស្មានដល់ និងដ៏រន្ធត់នេះ ក្រុមអ្នកកាសែតរួមអាជីព បានចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូមបួងសួងវិញ្ញាណក្ខន្ធលោក ស្រូយ នីកា ទៅកាន់សុគតិភព៕