(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ក្រុមហ៊ុនទេសចរណ៍ BCTS WANYUE International Travel ក្រុងជូហាយ របស់ប្រទេសចិន ទីភ្នាក់ងារទេសចរណ៍ចំនួន១២ក្រុមហ៊ុន នៅកម្ពុជា បានទៅធ្វើទស្សនកិច្ច នៅតំបន់ទេសចរណ៍ថ្មី នៅក្នុងទីក្រុងជូហាយ និងម៉ាកាវ ប្រទេសចិន ដើម្បីផ្លាស់ប្ដូរទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក លើវិស័យទេសវចរណ៍ រវាងប្រទេសទាំង២ កម្ពុជា-ចិន។
លោក Peter Pen អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនទេសចរណ៍ BCTS WANYUE International Travel នៃប្រទេសចិន បានឲ្យដឹងថា ការដែលក្រុមហ៊ុនរបស់លោក អញ្ជើញទីភ្នាក់ងារទេសចរណ៍ចំនួន១២ក្រុមហ៊ុនរបស់កម្ពុជា ឲ្យមកធ្វើទស្សនកិច្ចនៅក្រុងជូហាយ និងម៉ាកាវនាពេលនេះ គឺដើម្បីបង្ហាញពីសក្ដានុពលតំបន់ទេសចរណ៍ថ្មី១ ដែលមានឈ្មោះថា Chimelong Ocean Kingdom Resort ដែលទើប និងបង្កើតថ្មីក្នុងទីក្រុងជូហាយ ដែលមានលក្ខណៈប្លែកគួរឲ្យទាក់ទាញដល់ភ្ញៀវទេសចរណ៍ ដោយសារតែតំបន់ទេសចរណ៍មួយនេះ បានប្រមូលផ្ដុំនូវការកំសាន្ដ ជាច្រើនបែបច្រើនយ៉ាង សុទ្ធតែជាការច្នៃប្រឌិតទាំងក្នុង និងក្រៅប្រទេស។
ឆ្លើយតបតាមការលើកឡើងនេះ លោក តាំង កក់ អគ្គនាយកក្រុមហ៊ុន C.H World Travel បានបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចមួយដ៏មានសារសំខាន់ សំដៅពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ គ្នាទៅវិញទៅមក រវាងទីភ្នាក់ងារទេសចរណ៍ក្រុងជូហាយ របស់ប្រទេសចិន និងកម្ពុជា ដែលខាងភាគីចិន មានបំណងចង់ណែនាំ នៅតំបន់ទេសចរណ៍ នៅក្នុងក្រុងជូហាយ និងម៉ាកាវនេះ ដែលមានសក្ដានុពលមួយរបស់ខ្លួន ដើម្បីឲ្យុភ្ញៀវទេសចរណ៍កម្ពុជា បានទៅទស្សនា កំសាន្ដសប្បាយ ដែលដំណើរទស្សនកិច្ចនេះ មានការចូលរួមពីទីភ្នាក់ងារទេសចរណ៍ចំនួន១២ គឺក្រុមហ៊ុន C.H World Travel , Nanjing International , Holiday Tour , Love Travel & Tour , Sakona Travel , ELITE Travel & Tour , RTR Tour , SunSunly tourism , POS Travel , MSK Travel , ML Travel & Tour និង WANLY Travel ព្រមទាំងក្រុមការងាររបស់ទូរទស្សន៍ជាតិកម្ពុជាផងដែរ ដើម្បីទៅផ្ដិតយករូបភាពនៃដំណើរទស្សនកិច្ចនេះមកផ្សព្វផ្សាយ ចែករំលែកដល់ដល់ប្រជាជនកម្ពុជាបានដឹង និងស្គាល់កាន់តែច្បាស់ ពីតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ប្លែកភ្នែក ទាំងនោះដែលស្ថិតក្នុងក្រុងជូហាយ ម៉ាកាវ ប្រទេសចិន។
ម្យ៉ាងទៀត ក្នុងដំណើទស្សនកិច្ចនេះ ប្រតិភូទេសចរណ៍ទាំង១២ របស់កម្ពុជា ក៏បានផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជាដល់ភាគី ចិន ដើម្បីអោយប្រជាជនក្នុងក្រុងជូហាយ ម៉ាកាវ ប្រទេសចិនមកទស្សនាតំបន់ទេសចរណ៍វិញផងដែរ។
នៅក្នុងទស្សនកិច្ចរយៈពេល៤ថ្ងៃ ទៅកាន់ទីក្រុងជូហាយ ម៉ាកាវ ប្រទេសចិន ប្រតិភូនៃទីភ្នាក់ងារទេសចរណ៍ទាំង១២ របស់កម្ពុជា រួមនិងក្រុមការងាររបស់ទូរទស្សន៍ជាតិកម្ពុជា បានទៅទស្សនាតំបន់ទេសចរណ៍ជាច្រើនដូចជា បដិមាព្រះនាងទេពអប្សរកាន់គុជ និមិត្តរូបនៃទីក្រុងជូហាយ តំបន់ឆ្នេរសមុទ្រហាងលក់តែល្បីឈ្មោះ និង Ocean Kingdom ជាដើម។
ក្រៅពីនោះ ប្រតិភូទាំងអស់ក៏បានទៅទស្សនាសារមន្ទីរក្នុងទីក្រុងជូហាយ ព្រះបរមរាជវាំង ដែលកសាងតាមរចនាបថ ដូចទៅនិង ព្រះបរមរាជវាំងនៅឯក្រុងប៉េកាំង ព្រមទាំងកន្លែងកំសាន្ដប្លែកៗ បែប្រវត្តិសាស្ត្រ បែបធម្មតា និងច្នៃប្រឌិត ជាច្រើនទៀតនៅក្នុងទីក្រុងជូហាយ និងម៉ាកាវ ផងដែរ។
សូមបញ្ជាក់ថា៖ ប្រសិនបើលោកអ្នកមានគោលបំណងចង់ទៅកំសាន្ដ នៅក្រុងជូហាយ ម៉ាកាវ ប្រទេសចិន រយះពេល៤ថ្ងៃ លោកអ្នកអាចទំនាក់ទំនងតាមរយៈក្រុមហ៊ុនខាងលើ៕