(សិង្ហបុរី)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics Co., Ltd បានបង្ហាញនូវ របកគំហើញផលិតផលបច្ចេកវិទ្យាថ្មីមួយទៀត FlexWash ដែលជាម៉ាស៊ីនបោកស្ងួតជំនាន់ថ្មី ដែលប្រើប្រាស់នូវកន្លែងបោកគក់២ ភ្ជាប់ជាមួយកន្លែង សម្ងួតមួយទៀតនៅក្នុងម៉ាស៊ីននេះ។
ម៉ាស៊ីនដ៏ទំនើបមួយនេះ ត្រូវបានប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុត និងមុខងារសំខាន់ៗ ដែលធ្លាប់បានប្រើប្រាស់នៅលើម៉ាស៊ីន AddWash Door។ ម៉ាស៊ីនបោកគក់ FlexWash ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយ នូវពេលវេលាក្នុងការបោកគក់ ចំណេញពេលវេលាពាក់កណ្តាល និងជម្រះស្នាមប្រឡាក់ នៅលើសម្លៀកបំពាក់បានល្អថ្មីជានិច្ច។
ផ្នែកសន្ទះខាងមុខរបស់ម៉ាស៊ីនបោកគក់ FlexWash អាចដាក់សម្លៀកបំពាក់បានរហូតដល់ទៅ២១គីឡូក្រាម។ បន្ទាប់ពីការបោកគក់បានបញ្ចប់ ម៉ាស៊ីនបោកគក់នេះ នឹងក្លាយខ្លួនទៅជាម៉ាស៊ីនសម្ងួតទៅលើសម្លៀកបំពាក់ ដែលបានបោកគក់រួច។
ចំណែកផ្នែកសន្ទះខាងលើ របស់ម៉ាស៊ីនបោកខោអាវ FlexWash នេះ សម្រាប់បោកខាអាវ នៅក្នុងចំនួនតិចតួច ជាពិសេសសម្ភារៈដែលលោកអ្នកប្រុងប្រយ័ត្ន ហើយអ្វីដែលកាន់តែពិសេសនោះ វាប្រើប្រាស់នូវបច្ចេកវិទ្យា AirWash Technology របស់ក្រុមហ៊ុន Samsung ដែលផ្តល់នូវមុខងារ Heat-Sensitive សម្រាប់បាញ់ខ្យល់ទៅលើសម្លៀកបំពាក់។ ផ្នែកសន្ទះ សម្រាប់ដាក់ខោអាវបោកគក់នេះក៏អាចដំណើរការ បាននៅក្នុងពេលតែមួយផងដែរ។
ម៉ាស៊ីនបោកគក់ស៊េរីថ្មី FlexWash នេះ នឹងក្លាយជាផ្នែកមួយ នៃផលិតផលដ៏អស្ចារ្យនៅលើទីផ្សារ ដែលផ្តល់នូវទំនុកចិត្ត ចំណេញពេលវេលា និងជាជម្រើសមួយដ៏ល្អបំផុត ក្នុងការបោកសម្អាតសម្លៀកបំពាក់របស់លោកអ្នក។
សមត្ថភាពក្នុងការបោកគក់ទាំងផ្នែកខាងក្រោម និងផ្នែកខាងលើជួយឱ្យអ្នកប្រើប្រាស់ចំណេញ នូវពេលវេលាបានកាន់តែលឿនជាងមុន។ ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា អ្នកប្រើប្រាស់៨៧% នៅសហរដ្ឋអាមេរិច ចង់បានម៉ាស៊ីនបោកគក់ ដែលអាចសម្អាត់នូវសម្លៀកបំពាក់បានស្អាតល្អ និងមានកន្លែងបោកសម្លៀកបំពាក់ ប្រភេទផ្សេងគ្នានៅកន្លេងផ្សេងគ្នា ក្នុងពេលតែមួយ ខណៈពេលដែលអ្នកប្រើប្រាស់៧០%ទៀត ជ្រើសរើសប្រើប្រាស់នូវម៉ាស៊ីន ដែលអាចធ្វើការមួយហើយ ទៅមួយទៀតបានដោយខ្លួនឯង។
ម៉ាស៊ីនបោកគក់ All-in-one Laundry នេះផ្តល់នូវបច្ចេកវិទ្យាសំខាន់ៗ៣ដែលមានដូចជា EcoBubble, Bubble Soak និង Vibration Reduction Technology (VRT) ។ បច្ចេកវិទ្យា EcoBubble ប្រើប្រាស់នូវខ្យល់ និងទឹកដើម្បីសម្អាត និងបង្កើតទៅជាពពុះច្រើនក្នុងការសម្អាតសម្លៀកបំពាក់ដែលមានប្រសិទ្ធភាពច្រើនជាងមុន៤០ដង ចំណែកបច្ចេកវិទ្យា Bubble Soak វិញធ្វើឱ្យពពុះទាំងនោះជ្រាបចូលពេញផ្ទៃនៃសាច់ក្រណាត់ដើម្បីឱ្យការសម្អាតបានគ្រប់ផ្នែកទាំងអស់ ហើយបច្ចេកវិទ្យា VRT វិញកាត់បន្ថយនូវសំឡេងរំខាន ឬញ័រខ្លាំងនៅពេលដែលម៉ាស៊ីនកំពុងតែដំណើរការ។
អ្វីដែលកាន់តែពិសេសទៀតនោះ ម៉ាស៊ីនបោកគក់នេះបានប្រើប្រាស់នូវបច្ចេកវិទ្យា IoT ដែលអាចដំណើរការបញ្ជាបានតាមរយៈកម្មវិធី Samsung Smart Home App ដែលអនុញ្ញាតឱ្យអ្នកប្រប្រាស់ អាចធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនបោកគក់នេះ បានគ្រប់ពេលវេលានឹងគ្រប់ទីកន្លែងជាមួយនឹង ការប្រើប្រាស់តាមរយៈស្មាតហ្វូនរបស់ពួកគេ ដោយធ្វើការចាប់ផ្តើម បញ្ឈប់ ឬធ្វើការគ្រប់គ្រង នូវជំហានដំណើរការជាច្រើនទៀត៕