(កណ្តាល)៖ អាជ្ញាសាលាខេត្តកណ្តាល លោក ទៀង សោភ័ណ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានដឹកនាំមន្រ្តី និងសមត្ថកិច្ច យកដីកាសម្រេចរក្សាការពារ ទៅបិតលើរបងដីឡូត៍មួយកន្លែង ស្ថិតនៅកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីកុំឲ្យកូនបំណុល ដែលដេញ បានពីការលក់ឡៃឡុងរបស់តុលាការ យកទៅផ្ទេរសិទ្ធិ លក់ និងប្តូរឈ្មោះម្ចាស់កម្មសិទ្ធិថ្មីនោះទេ។
ការដែលតុលាការយកដីកាសម្រេចរក្សាការពារ ទៅបិតនៅផ្ទះខាងលើនេះ បន្ទាប់ពីម្ចាស់ដីលោក អៀ ឆាយ បានប្រាប់អ្នកកាសែតថា លោកបានខ្ចីលុយពីធនាគារមួយ ប៉ុន្តែដោយសារបញ្ហាសេដ្ឋកិច្ចលោក មិនមានថ្លៃបង់ការប្រាក់ និងសងថ្លៃដើម ពេលនោះ តុលាការបើកសម្រេចលក់ឡៃឡុង តាមការទាមទាររបស់ម្ចាស់បំណុល។
ប៉ុន្តែការសម្រេចរបស់តុលាការលក់ផ្ទះ លោកឡៃឡុងនេះ គឺលោកមិនបានដឹងទាល់តែសោះ ពោលលោកអត់ដែលបានទទួលសោះ នូវព័ត៌មានទាំងនេះ។ លុះដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ស្រាប់តែមានលិខិតបង្គាប់ឲ្យលោកចេញពីដីតែម្តង ដោយយកដីនេះទៅលក់ឲ្យបុគ្គល២នាក់ទៀត។
ដោយសារតែមិនបានដឹង និងមិនដែលបានទទួលព័ត៌មាននេះ ទើបលោកសម្រេចប្តឹងសុំដីកាសម្រេចរក្សាការពារ រហូតអាជ្ញាសាលា បានយកដីកាមកបិតនៅហ្នឹងដីតែម្តង៕