(ពោធិ៍សាត់)៖ រថយន្តមន្ទីរពិសោធន៍ចល័ត នៃអគ្គនាយកដ្ឋានកាំកុងត្រូល ត្រូវបាននាំយកមកពិសោធន៍ ទំនិញម្ហូបអាហារ ចំនួន៥៣មុខ នៅផ្សារថ្មីពោធិ៍សាត់ ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
យុទ្ធនាការនេះដឹកនាំផ្ទាល់ដោយលោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញ និងម្ហូបអាហារចំនួន៥៣គំរូដើម្បីវិភាគរកគ្រោះ។
មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជាលទ្ធផលវិភាគ៖ ក្នុងចំណោម៥៣គំរូ មាន១គំរូ គ្រឿងសមុទ្រ(មឹកបំពង់) បានរកឃើញសារធាតុគីមីហាមឃាត់ ហ្វកម៉ាលីន(សម្រាប់ចាក់សាកសពកុំអោយស្អុយ) ចំនួន៧.៥០kg។
មន្ត្រីកាំកុងត្រូលបានធ្វើការណែនាំ និងកិច្ចសន្យាដកហូតមឹកខាងលើ ដោយមានការយល់ព្រមពីម្ចាស់ទំនិញ ដើម្បីកំទេចចោលតានីតិវិធី។ អ្នកលក់បានឲ្យដឹងថា មឹកខាងលើ គាត់ទិញពីភ្នំពេញយកមកលក់ ដូចនេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ និងសហការស្រាវជ្រាវរកប្រភពដើម ដើម្បីទប់ស្កាត់កុំឲ្យចរាចរលើទីផ្សារបន្តទៀត៕