Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរ៉ែ ប្រមូលបានចំណូលថវិកាជាង៨ម៉ឺនលានរៀល លើសការរំពឹងទុក នៅឆ្នាំ២០១៦

23-02-2017 15:31

(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបការងារ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងរ៉ែ និងថាមពល បានប្រកាសថា ពេញមួយឆ្នាំ២០១៦ កន្លងទៅនេះ ក្រសួងប្រមូលបាន ចំណូលចូលថវិកាជាតិ ជាង៨ម៉ឺនលានរៀល ដែលលទ្ធផលការងារនេះ លើសពីការរំពឹងទុកទៅទៀត។

សេចក្ដីប្រកាសព័ត៌មានស្ដីពី សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ បានឲ្យដឹងថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងមុះមុត ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ (ឆ្នាំ២០១៦) ក្រសួងបានសម្រេចលទ្ធផលការងារ លើសការរំពឹងទុក ក្នុងកិច្ចការប្រមូលចំណូល គឺបានចំនួន «៨១,៤២៧.៦០លានរៀល ស្មើនឹង ២៤៨ភាគរយ» ធៀបនឹងផែនការថវិកា ឆ្នាំ២០១៦។

សេចក្តីប្រកាស បានបន្តថា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រសួងរ៉ែ បានផ្ដល់អាជ្ញាបណ្ណអណ្ដូងរ៉ែ បើកអាជីវកម្ម និងការដ្ឋានវាយថ្ម ចំនួន៤០១, អាជ្ញាបណ្ណស្វែងរុករក ចំនួន៦១, អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ចំនួន២៣ និងអាជ្ញាបណ្ណសិប្បកម្ម ចំនួន៣២៦៕