(ភ្នំពេញ)៖ បន្ទាប់ពីវត្តមាននៃកំពូលរថយន្តទំនើបៗ មកពីអង់គ្លេស ដូចជារ៉ូលរ៉យ ផចស៍ វ៉ុលវីហ្គែន ឥឡូវនេះរថយន្តមានគុណភាពខ្ពស់ និងល្បីរបស់អង់គ្លេសមួយទៀត ម៉ាក Bentley បានចូលមកដល់ទីផ្សាររបស់កម្ពុជាហើយនៅឆ្នាំ២០១៧នេះ។
រថយន្តដ៏ល្បីរបស់អង់គ្លេសម៉ា Bentleyនេះ ត្រូវបានក្រុមហ៊ុន HGB Group Co, Ltd ដែលជាក្រុមហ៊ុនវិនិយោគទុនឯកជនក្នុងស្រុក និងក្រុមហ៊ុន Bentley Motors របស់អង់គ្លេស សហការគ្នានាំចូលមកចែកចាយនៅកម្ពុជា។ ពិធីតាំងបង្ហាញរថយន្តនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងលោក ប៊ីល ឡងហើស ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។
ក្នុងព្រឹត្តការណ៍ពិសេសនេះ ក៏មានការតាំងបង្ហាញរថយន្តជាច្រើនម៉ូឌែលដូចជា Continental GT V8S, the Continental GT V8S , the Flying SpurV8 និង the Bentayga W12 ដើម្បីបង្ហាញឲ្យសាធារណជន និងស្វែងយល់ពីភាពប្រណីតនៃរថយន្ត Bentley។
លោក Herfried Hasenoehrl ប្រធានក្រុមហ៊ុន HGB Group បានមានប្រសាសន៍ថា HGB Group មានមោទនភាពដែលបានក្លាយជាអ្នកទទួលខុសត្រូវ និងជាតំណាងចែកចាយផ្តាច់មុខក្នុងការនាំចូលរថយន្តបេនលី ដែលជារថយន្តមានគុណភាពខ្ពស់ទំនើបបំផុត និងមានការទទួលស្គាល់ក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ថា ប្រទេសកម្ពុជារីកចម្រើនឥតឈប់ឈរទាំងផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ស្ថិរភាពនយោបាយ កំណើនអ្នកជំនួញ សហគ្រិន ទាំងនេះជាមូលហេតុដែល HGB នាំចូលរថយន្តប្រណីតដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន។
លោក Adrian Wayne តំណាងក្រុមហ៊ុនបេនលីម៉ូទ័រ បានឱ្យដឹងថា HGB Group ជាក្រុមហ៊ុនធំ គួរឲ្យទុកចិត្តមានសមត្ថភាព និងជំនាញច្បាស់លាស់ខាងរថយន្ត។ បេនលី រីករាយដែលមានដៃគូពាណិជ្ជកម្មល្អ ខ្លាំង ដែលទទួលបានជោគជ័យក្នុងទីផ្សារ។
លោកបានបញ្ជាក់ថា «កម្ពុជា ជាទីផ្សារមួយមានកំណើនប្រកបដោយស្ថិរភាព និង និរន្តភាពសេដ្ឋកិច្ច និង ស្ថិរភាពនោយបាយ។ ជាពិសេសការផ្លាស់ប្តូរគំនិតមករករថយន្តប្រណីត ដែលមានគុណភាពខ្ពស់ និងការរចនាស្អាត ដូច្នេះកម្ពុជាក្លាយជាទីផ្សារដ៏គួរឲ្យចាប់អារម្មណ៍របស់បេនលី»។
លោក ប៊ីល ឡងហើស ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានអបអរសាទរ ចំពោះភាពជាដៃគូវិនិយោគរវាង Bentley Motors និងHGB Group និងបានសម្តែងភាពរីករាយដែលឃើញរថយន្តល្បីៗគុណភាពខ្ពស់ របស់អង់គ្លេសមានវត្តមាននៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមានប្រសាសន៍ថា HGB ល្បីខាងទាក់ទាញរថយន្តល្បីៗ មកទីផ្សារកម្ពុជា ដូចជារ៉ូលរ៉យ ម៉ាហ្សដា វ៉ុលវ៉ាហ្គែន គៀរ ឥឡូវនាំចូលបេនលី បន្ថែមទៀ ត។នេះជាមោទនភាពរបស់កម្ពុជា ដែលមានរថយន្តទំនើបៗ និងប្រណីតៗ ដែលមានគុណភាពខ្ពស់។
លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា កំណើនសេដ្ឋកិច្ច៧ភាគរយ ហើយស្ថិរភាពនយោបាយ កំណើនប្រជាជនថ្នាក់កណ្តាល កំណើនទីផ្សារនិងតម្រូវការរថយន្ត រួមទាំងគោលនយោបាយលើកទឹកចិត្តវិនិយោគិន ជាកត្តានាំឲ្យមានការហូរចូលវិនិយោគទុនបរទេស៕