(កំពង់ចាម)៖ លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិ បានថ្លែងថា បុគ្គលិកសុខាភិបាល ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវចាត់ទុកអ្នកជំងឺទាំងឡាយ ដូចជាគ្រួសារ របស់ខ្លួនដូច្នោះដែរ ព្រោះសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ជាមូលដ្ឋាននៃការអភិវឌ្ឍសង្គម។
លោកសាស្ត្រាចារ្យ ធា គ្រុយ លើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារ ឆ្នាំ២០១៧ របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោក រុំ តិក្ខមុនី អភិបាលរងខេត្តកំពង់ចាម ប្រធាន និងបុគ្គលិកមន្ទីរសុខាភិបាលខេត្តកំពង់ចាម ជាច្រើននាក់ទៀត។
លោកសាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងថា បុគ្គលិកសុខាភិបាលខេត្តទាំងអស់ ត្រូវខិតខំបំពេញការងារ ដែលធ្លាប់ជួបប្រទះកន្លងមក ជាពិសេសបុគ្គលិកសុខាភិបាល ត្រូវអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ឲ្យបានខ្ជាប់ខ្ជួន។ ចំណែកបុគ្គលិកពេទ្យ ដែលបើកសេវាឯកជន ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ នៅមន្ទីរពេទ្យរដ្ឋ ឲ្យដូចជាអ្នកជំងឺនៅផ្ទះខ្លួនឯង ហើយត្រូវចាត់ទុកអ្នក ជំងឺទាំងឡាយ ដូចជាគ្រួសាររបស់ខ្លួន ដូច្នេះដែរ។
ចំពោះអ្នកជំងឺដែលគ្រោះថ្នាក់ដល់ជីវិត សូមប្រញ៉ាប់ចាត់បញ្ជូនទៅមន្ទីរពេទ្យ ចៀសវាងពន្យារពេលទុកអ្នកជំងឺ រហូតហួសពេល សង្គ្រោះលែងបាន និងសូមកុំធ្វេសប្រហែសឲ្យសោះ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គឹមសួរ ភិរុណ បានថ្លែងថា ក្នុងឆ្នាំ២០១៦ សូចនាករសំខាន់ៗ នៃកម្មវិធី សុខភាពបន្ត មាតា ទារក និងកុមារ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងពង្រឹងប្រព័ន្ធសុខាភិបាល កំពុងបន្តស្ថិតនៅក្នុង វឌ្ឍនភាព។ កត្តាគន្លឹះនាំឲ្យសម្រេចបាននូវសមិទ្ធផលទាំងនោះ គឺការគាំទ្រដ៏រឹងមាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកវេជ្ជបណ្ឌិត គឹមសួរ ភិរុណ បានបន្តថា ទិសដៅឆ្នាំ២០១៧ និងឆ្នាំបន្ត ដោយផ្អែកលើផែនការយុទ្ធសាស្ត្រ សុខាភិបាល ២០១៦-២០២០ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល មន្ទីរសុខាភិបាល និងផ្តោតលើការបង្កើនការសម្រាលកូន ដោយឆ្មបជំនាញ ពង្រឹងសេវាសង្គ្រោះបន្ទាន់ និងសេវាថែទាំទារក ពង្រីកសេវាផ្តល់មធ្យោបាយពន្យារកំណើត បង្កើនអត្រាគ្របដណ្តប់ នៃការផ្តល់ថ្នាំបង្ការ និងលើកកម្ពស់គុណភាព សេវាសុខភាពមាតា ទារក និងកុមារ។
លោកប្រធានមន្ទីរ បានបន្ថែមថា ពង្រឹងវិធានការបង្ការ និងពង្រីកការគ្របដណ្តប់ និងកែលម្អគុណភាពសេវាថែទាំជំងឺឆ្លងនិងជំងឺ មិនឆ្លងរ៉ាំរ៉ៃ ព្រមទាំងបង្កើនប្រសិទ្ធភាពអន្តរាគមន៍សុខភាពសាធារណៈ បន្តពង្រីក និងពង្រឹងប្រព័ន្ធសុខាភិបាល ដូចជាហេដ្ឋារចនា សម្ព័ន្ធមន្ទីរពេទ្យ មណ្ឌលសុខភាព បំពាក់ឧបករណ៍បរិក្ខាពេទ្យ បច្ចេកវិទ្យា អភិវឌ្ឍន៍ព័ត៌មានវិទ្យា ពង្រីកមូលនិធិសមធម៌ឲ្យបាន គ្រប់មូលដ្ឋានសុខាភិបាល ពង្រឹងការគ្រប់គ្រងសេវាឯកជន និងក្រមសីលធម៌ និងបន្តពង្រីកកិច្ចសហការល្អ ជាមួយមន្ទីរវិស័យ ពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ៕