(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសអនុញាតឲ្យបុរសពិការម្នាក់ ទទួលបានសញ្ញាប័ត្រពី សាកលវិទ្យាល័យ អន្តរជាតិភ្នំពេញ (PPIU) នៅថ្ងៃម្សិលមិញ អាចចូលបំរើការងារនៅក្រសួងព័ត៌មានបាន។ នេះបើតាមការ បញ្ជាក់ឲ្យដឹងរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅមុននេះបន្តិច។
ការប្រកាសរបស់រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើឡើងក្រោយពីមិត្តភក្តិជនពិការរូបនោះបានបង្ហោះសារមួយនៅលើ Facebook សរសើរដល់ បុរសពិការនោះថា ជាមនុស្សល្អ ខិតខំប្រឹងប្រែង និងមានសមត្ថភាពពិតប្រាកដផ្នែក IT។
Facebook មួយដែលមានឈ្មោះថា «Borinika Em» បានអះអាងថា ជាមិត្តភក្តិរបស់បុរសពិការនោះ បានបង្ហាញថា៖ «គាត់ជាមិត្ត របស់ខ្ញុំ ជាយូរលង់ណាស់មកហើយ, ថ្ងៃនេះអបអរសាទរគាត់ ដែលបានទទួលសញ្ញាប័ត្រ ដោយការខិតខំប្រឹងប្រែងរក ទីបំផុតគ្មានរបស់គាត់, គាត់ជាយុវជនពិការដែលមានសមត្ថភាពពិតប្រាកដផ្នែក IT តែឱកាសការងារស្តួចស្តើងណាស់សម្រាប់គាត់ ! គាត់ធ្លាប់ប្រាប់ខ្ញុំថា កត្តាដែលធ្វើឲ្យគាត់គ្មានការងារធ្វើរយៈពេលដ៏យូរគឺ៖
ទី១៖ កត្តាធ្វើដំណើរ ពេលខ្លះម៉ូតូកែច្នៃ របស់គាត់រលត់តាមផ្លូវ ពួកខ្ញុំទៅជួយទាំងយប់ ដោយក្តីអាណិតបំផុតក៏មាន...
ទី២៖ កត្តាជំរាលនៅតាមស្ថាប័នដែលគាត់ដាក់ពាក្យធ្វើការ គឺគ្មាន ( សូម្បី Status គាត់ពេលឃើញជណ្តើរ គាត់សរសេរថា មិនមែនពិភពលោករបស់គាត់ទេ )
ទី៣៖ កត្តាជីវភាពរបស់គាត់ គាត់ត្រូវរកលុយព្យាបាលជំងីម្តាយនៅឯស្រុក...អ្វីដែលពួកខ្ញុំអាចធ្វើបានគឺ ការលើកទឹកចិត្ត និង ស្វែងរកការងារឲ្យគាត់ធ្វើតាមលទ្ធភាពប៉ុណ្ណោះ ! សូមកុំរើសអើងជនពិការ លោកអ្នកអាចសាកល្បងផ្តល់ឱកាសការងារឲ្យពួកគាត់ នោះលោកអ្នកនឹងឃើញពីសមត្ថភាព របស់គាត់»៕