(ភ្នំពេញ)៖ កម្មវិធី «ឆា-ឈីង» ជាកម្មវិធីអប់រំចំណេះដឹងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុ ដែលបានអនុវត្តជោគជ័យនៅក្នុងប្រទេសកម្ពុជា ពិសេសនៅឆ្នាំ២០១៧នេះ កម្មវិធីនេះនៅតែបន្តអនុវត្ដកាន់តែប្រសើរ ពេលដែលមានគាំទ្រខ្ពស់ ពីក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្ស ហើយកាលពីថ្ងៃទី១៧-២១កុម្ភៈថ្មីៗនេះ ក្រុមការងារស្ម័គ្រចិត្តមួយក្រុមធំ ដែលរួមមានបុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចុះផ្សព្វផ្សាយកម្មវិធី “ឆា-ឈីង” ទៅដល់កុមារា-កុមារី ក្នុងសាលាបថមសិក្សាចំនួនបួន ក្នុងខេត្តបាត់ដំបង និងសៀមរាប ។
ចាប់តាំងពីដំបូងមក គោលបំណងសំខាន់នៃកម្មវិធី «ឆា-ឈីង» គឺការអប់រំកុមារអំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងលុយកាក់ តាមរយៈការបង្ហាញវីដេអូចម្រៀង ការសួរសំនួរ ហើយនិងការលេងល្បែងកំសាន្ដដែលពាក់ព័ន្ធនឹងគោលគំនិតទាំង៤របស់ «ឆា-ឈីង» គឺ ការរកលុយ សន្សំ ចាយ និងបរិច្ចាគ ។
លោក ទូច ថាវរិទ្ធិ ប្រធានទំនាក់ទំនងស្ថាប័នរដ្ឋ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះតាំងពីដំណាក់កាលដំបូងមក បានថ្លែងថា «កម្មវិធីអប់រំកុមារ«ឆា-ឈីង» ជាកម្មវិធីថ្នាក់តំបន់មួយរបស់ក្រុមហ៊ុន Prudential Corporation Asia ដែលក្រុមហ៊ុន បានយកមកផ្សព្វផ្សាយ នៅកម្ពុជាយើង ដោយមានការអនុញ្ញាត ពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ គោលដៅសំខាន់របស់យើង គឺចង់អោយកុមារកម្ពុជាទទួលបាន និងរៀនសូត្រនូវចំណេះដឹងថ្មីៗផ្នែកហិរញ្ញវត្ថុមូលដ្ឋាន ដែលកម្មវិធី «ឆា-ឈីង» យកចិត្តទុកដាក់លើគោលគំនិតសំខាន់បួន គឺ រកលុយ សន្សំ ចាយ និងបរិច្ចាគ »។
លោកបន្ដថា «នៅកម្ពុ ជាកម្មវិធីនេះបានចាប់ផ្តើមពីឆ្នាំ២០១៤មក តាមរយៈការផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ ហើយក្នុងឆ្នាំ២០១៥ និង២០១៦ យើងបានចុះផ្សព្វផ្សាយកម្មវិធីនេះទៅតាមសាលានានា ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តមួយចំនួនទៀត ហើយយើងមានផែនការ ដើម្បីធ្វើយ៉ាងណាឲ្យកម្មវិធីនេះ ទៅជាកម្មវិធី ដែលសាលាអាចយកទៅប្រើប្រាស់បាន ជាលក្ខណៈកម្មវិធីសិក្សាបន្ថែម សម្រាប់ពេលទំនេរពីការសិក្សាមុខវិជ្ជាស្នូលរបស់ពួកគាត់» ។
លោក ទ្រី ហាក់ ជានាយកសាលាបថមសិក្សាសម្តេច ជា ស៊ីម ក្នុងខេត្តបាត់ដំបង បានលើកឡើងថា «ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលថ្ងៃនេះបានមកសហការជាមួយសាលា និងរៀបចំកម្មវិធី «ឆា-ឈីង» សម្រាប់កុមារយើង ខ្ញុំគិតថា កម្មវិធីនេះល្អមែនទែន ព្រោះបណ្តុះបណ្តាលក្មេងអោយយល់ដឹងពីគោលគំនិតនៃការ រកលុយ សន្សំ ចាយ និងបរិច្ចាគ ហើយ នេះជាចំណេះដឹងបន្ថែមមួយទៀត ដែលពិតជាមានសារៈសំខាន់ សម្រាប់បណ្តុះដល់កុមារចាប់ពីវ័យក្មេងទៅ» ។
កម្មវិធី «ឆា-ឈីង» នេះ បានបង្កើតឡើងក្នុងឆ្នាំ២០១១ ដែលកម្មវិធីនេះ បាននឹងកំពុងអនុវត្តនៅទូទាំងទ្វីបអាស៊ី ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីរឿងគ្រប់គ្រងលុយកាក់ សម្រាប់កុមារអាយុពី ៧ដល់១២ឆ្នាំ ហើយនៅកម្ពុជា កម្មវិធីនេះ ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី៣១ ឧសភា ២០១៦ ក្រោមអធិបតីភាពលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ និងជាតំណាងរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា៕