(ភ្នំពេញ)៖ លោក គីម ហ៊ាង ប្រធានសមាគម អ្នកវាយតម្លៃអចលនវត្ថុ និងទីភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា នៅចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧នេះ មានវិនិយោគិនកូរ៉េ បានសម្រុកមករកស៊ីនៅកម្ពុជាកើនឡើងវិញ បន្ទាប់មានការថមថយ ចាប់ពីអំឡុងវិបត្តិ សេដ្ឋកិច្ច ឆ្នាំ២០០៨មក។
ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោយបញ្ចប់សិក្ខាសាលា ស្ដីពី «ការប្រៀបធៀបពីប្រព័ន្ធវាយតម្លៃ អចលនទ្រព្យកម្ពុជា-កូរ៉េ» នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ លោក គីម ហ៊ាង បានឲ្យដឹងថា កម្ពុជាក្រោយឆ្នាំ១៩៧៩ បរទេសដែលមកវិនិយោគវិស័យដីធ្លី នៅកម្ពុជាមុនដំបូង គឺប្រទេសតៃវ៉ាន់ ហើយប្រទេសដែលធ្វើឲ្យមាន ការរីកចម្រើនខាងវិស័យដីធ្លីនៅកម្ពុជាច្រើនជាងគេ គឺកូរ៉េខាងត្បួង។ ប៉ុន្ដែបន្ទាប់ពី មានវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ សកម្មភាពវិនិយោគកូរ៉េស្ងាត់ខ្លាំង ប៉ុន្ដែចុងឆ្នាំ២០១៦ នេះសង្កេតឃើញថា មានវិនិយោគទុនកូរ៉េជាច្រើន ចាប់ផ្ដើមត្រឡប់មកកម្ពុជាវិញហើយ។
លោកបានថ្លែងថា «ធម្មតាក្នុងនាមជាអ្នកវិនិយោគ យើងត្រូវទៅកន្លែងណាដែលងាយស្រួលរកលុយ (កម្ពុជាងាយស្រួលរកលុយ) ខ្ញុំសង្កេតឃើញថា ពេលថ្មីៗនេះ មានវិនិយោគិន ដែលបាត់ដំណឹងយូរហើយនោះ ក៏ចាប់ផ្ដើមកវិញបណ្ដើរៗ ហើយក្នុងឆ្នាំ២០១៧នេះ ខ្ញុំគិតថា ប្រហែលជាមានគម្រោងកូរ៉េច្រើន នឹងចាប់ផ្ដើមនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ»។
លោកប្រធានសមាគមបានឲ្យដឹងថា សម្រាប់គោលបំណង សិក្ខាសាលាស្ដីពី «ការប្រៀបធៀបពីប្រព័ន្ធវាយតម្លៃ អចលនទ្រព្យ កម្ពុជា-កូរ៉េ» គឺភាគីអ្នកវាយតម្លៃអចលនវត្ថុកូរ៉េ ចង់មកសិក្សាលើផ្នែកវាយតម្លៃអចលនវត្ថុកម្ពុជា មួយវិញទៀតដើម្បីសហការជាមួយ កម្ពុជា។ ក្នុងនោះមានក្រុមហ៊ុនប្រមាណជា២០ មកពីប្រទេសកូរ៉េ ដោយមានខាងក្រុមហ៊ុន និងខាងសាលារៀនផង។
លោកថា «គោលដៅសំខាន់ គឺភាគីកូរ៉េចង់មកមើល ការវាយតម្លៃនៅកម្ពុជា ដើម្បីឲ្យដឹងថា ការវាយតម្លៃកម្ពុជាមានកម្រិតណា កម្ពុជាចេះបានអ្វីខ្លះ ដើម្បីងាយស្រួលក្នុងការសហការ រកស៊ីជាមួយគ្នា និងបើជាសាលាបណ្ដុះបណ្ដាលនៅកម្ពុជា»។
បើតាមលោក គីម ហ៊ាង កន្លងមកមានវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជាច្រើន ប៉ុន្ដែដោយកម្ពុជា មានបញ្ហាប្រឈម និង វិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០០៨ រហូតដល់ឆ្នាំ ២០១៤ ជាហេតុដែលធ្វើឲ្យវិនិយោគិនកូរ៉េ ដកទុនត្រឡប់ទៅវិញអស់។
លោក គីម ហ៊ាង បានឲ្យទៀតថា សម្រាប់ថ្ងៃនេះ គឺជាស្ពានមួយយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនង ដែលយើងបានដាច់គ្នាជាច្រើនឆ្នាំមកហើយ ឲ្យផ្សាយភ្ជាប់ឡើងវិញ។
លោកថា «ខ្ញុំគិតថា ថ្ងៃនេះគឺជាស្ពានមួយ ដែលតភ្ជាប់ទំនាក់ទំនងដែលឃ្លាតឆ្ងាយឲ្យត្រឡប់មកដូចដើមវិញ មួយវិញទៀតខ្ញុំមានការ សប្បាយចិត្តប្រសិនកូរ៉េខាងត្បូងគាត់មកវិញ ព្រោះគាត់ គឺជាវិនិយោគិនដីធ្លីដ៏ធំក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងអាស៊ាន»៕