(ភ្នំពេញ)៖ នារីបំរើខារ៉ាអូខេ២នាក់ ទាស់ពាក្យសំដីគ្នាបង្កចេញជាជម្លោះវាយតប់ និងខាំដាច់ស្លឹកត្រចៀកម្ខាង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលកំពុងសប្បាយ រត់ជាន់ជើងគ្នាព្រោងព្រាត កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅហាខារ៉ាអូខេភេសជ្ជៈតន្ត្រី KTV តាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
គូរជម្លោះដែលបានដាច់ស្លឹកត្រចៀកម្ខាងឈ្មោះ ម៉ុន ចាន់ឌឿន អាយុ៣០ឆ្នាំ មុខរបរអ្នកចំរៀងស្នាក់នៅ ផ្ទះជួលភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ស្រី ពេជ្រ អាយុប្រហែល២៩ឆ្នាំ ស្នាក់នៅ បន្ទប់ជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នៅមុនពេលកើតហេតុភាគីទាំងសងខាង បាននិយាយឌឺដងគ្នារឿងធ្វើការជារៀងរាល់ថ្ងៃ រហូតឈានទៅដល់ប្រើហិង្សាដាក់គ្នាទៅវិញទៅមក
ធ្វើឲ្យភាគីម្ខាងរងរបួសផ្នែកត្រចៀកម្ខាង បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ដែលកំពុងអង្គុយផឹកស៊ីនាំគ្នាចោមរោមមើល និងបុគ្គលិកនាំគ្នាជួយចាប់បំបែក។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងឃាត់ភាគីម្ខាងមកសួនាំនៅប៉ុស្តិ៍ ខណៈភាគីម្ខាងទៀតចូលពេទ្យ៕