(រតនគិរី)៖ ក្រោមការចង្អុលបង្ហាញពីលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាល ខេត្ត ផ្តើមកសាងសង់របងផ្នែកខាងមុខអគារ នៃអធិការដ្ឋានស្រុកលំផាត់ ដែលត្រូវចំណាយថវិកាជាង៣ម៉ឺនដុល្លារតែពេលនេះខ្វះខាត ថវិកាដើម្បីសាងសង់បញ្ចប់ ពីព្រោះទើបតែបាន៣០ភាគរយប៉ុណ្ណោះ។
លោកវរសេនីយ៍ត្រី ថេង ច័ន្ទធី អធិការនគរបាលស្រុកលំផាត់ បានប្រាប់ឲ្យដឹងថា របងនៃអធិការដ្ឋានស្រុកលំផាត់ ខាងលើនេះ ផ្នែកខាងក្រោយមានបណ្តោយ១៥០ម៉ែត្រ ផ្នែកចំហៀង១៥០ម៉ែត្រ និងទទឹងមានប្រវែង៨០ម៉ែត្រ។
លោកអធិការស្រុកលំផាត់ បានបន្តថា តាមរយៈលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងខេត្តទទួលផែនប្រឆាំងបទល្មើស មានសប្បុរសជនម្នាក់ គឺ លោក ម៉ៅ ឃុន មន្ត្រីអាវុធហត្ថខេត្តស្វាយរៀង បានឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លារ ដើម្បីរួមចំណែក កសាងរបងខាងលើ។
លោកអធិការបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ការកសាងបានប្រហែល ៣០ភាគរយហើយ ហើយថវិកាដែលចំណាយទាំងអស់ «ជាង៣ម៉ឺនដុល្លារ»។ ក្រៅពីកសាងរបងនោះ អធិការដ្ឋានស្រុកត្រូវកសាងសមិទ្ធផលជាច្រើនទៀត ដូចជា ខួងអណ្តូងទឹកខ្នាតធំ ចំនួន១ ចំណាយថវិកា ១,៨០០ដុល្លារ បន្ទប់ទឹកបង្គន់អនាម័យ១ខ្នង ចំណាយថវិកា ២,៩២០ដុល្លារ, ចាក់ដីទីធ្លាអធិការដ្ឋាន ចំណាយថវិកា ១,៧០០ដុល្លារ ព្រមទាំងលើសម្ភារផ្សេងៗមួយចំនួនទៀត។
លោកអធិការបានបន្ថែមថា ទោះបីនៅចំពោះនៅខ្វះខាតថវិកាយ៉ាងណា ក៏រូបលោកនឹងខិតខំអំពាវនាវ កៀរគរសប្បុសជន ព្រមទាំងមិត្តភ័ក្តិនានា ដើម្បីជួយឧបត្ថម្ភកសាងសមិទ្ធផលទាំងឡាយ ឲ្យសម្រេចបានជាស្ថាពរ៕