(ភ្នំពេញ)៖ ដើម្បីអនុវត្តយុទ្ធនាការ បង្ក្រាបគ្រឿងញៀនទូទាំងប្រទេសរយៈពេលកន្លះឆ្នាំ ដែលដាក់ចេញដោយប្រមុខ រាជរដ្ឋាភិបាលនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានដឹកនាំកិច្ចប្រជុំពង្រឹងការងារសនិ្តសុខ សណ្តាប់ធ្នាប់ នៅតាមបុរី ផ្ទះជួល និងបន្ទប់ជួលទាំងអស់ ក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ សង្កាត់ ប៉ុស្តិ៍ និងម្ចាស់បុរី ម្ចាស់ផ្ទះជួល និងបន្ទប់ជួលទាំងអស់ក្នុងមូលដ្ឋានខណ្ឌ។
មន្រ្តីសាលាខណ្ឌដង្កោ បានឲ្យដឹងថា «កន្លងមករដ្ឋបាលខណ្ឌ បានយកចិត្តទុកដាក់ធ្វើការងារនេះយ៉ាងខ្លាំង ហើយនៅថ្ងៃនេះ លោកអភិបាលខណ្ឌ ក៏បានបន្តធ្វើការផ្សព្វផ្សាយ អំពីយុទ្ធនាការគ្រឿងញៀន ដល់ម្ចាស់បុរី ផ្ទះជួល និងបន្ទប់ជួលបន្ថែមទៀត»។
នៅក្នុងកិច្ចប្រជុំ លោកអភិបាលខណ្ឌ បានណែនាំដល់ម្ចាស់បុរី ផ្ទះជួល និងបន្ទប់ជួលលើខ្លឹមសារសំខាន់ៗដូចជា៖
-សូមឲ្យម្ចាស់បុរីទាំងអស់យកចិត្តទុកដាក់សហការ លើការងារសន្តិសុខ នៅតាមបុរី ដោយរៀបចំឲ្យមានភ្នាក់ងារសន្តិសុខ ឲ្យបានត្រឹមត្រូវដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋដែលរស់នៅតាមបុរី និងបន្តស្រង់ទិន្នន័យភ្នាក់សន្និសុខទាំងអស់ រាយការណ៍មករដ្ឋបាលខណ្ឌ ដើម្បីងាយស្រួលគ្រប់គ្រង ហើយចំពោះការផ្តាល់ប្តូរភ្នាក់ងារសន្តិសុខ ក៏ត្រូវរាយការណ៍មកជូនរដ្ឋបាលខណ្ឌដែរ ហើយចំពោះបុរីដែលគ្មានសន្តិសុខយាមកាម ត្រូវរៀបចំឲ្យមានសន្តិសុខត្រឹមត្រូវ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
-ចំពោះម្ចាស់ផ្ទះជួល បន្ទប់ជួល គឺត្រូវរាយការណ៍អំពីសមាសភាពអ្នកជួលផ្ទះ ជាពិសេស រាយការណ៍អំពីការសង្ស័យនានា ដើម្បីរដ្ឋបាលខណ្ឌ មានវិធានការបានទាន់ពេលវេលា។
-នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺត្រូវចូលរួមទាំងអស់គ្នា ទាំងមន្ត្រីមានសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃផងដែរ ដូច្នេះសូមឲ្យម្ចាស់ផ្ទះជួល បន្ទប់ជួល និងម្ចាស់បុរីទាំងអស់ចូលរួមទាំងអស់គ្នា រាយការណ៍អំពីសភាពការណ៍នានា និងផ្តល់ព័ត៌មានអំពីបទល្មើសគ្រឿងញៀន ការសង្ស័យមុខសញ្ញា ជូនដល់អាជ្ញាធរ ភូមិ សង្កាត់ ប៉ុស្តិ៍។ ចំពោះករណីដែលបានដឹងអំពីបទល្មើសគ្រឿងញៀនកើតមានឡើង ហើយពុំបានរាយការណ៍ គឺអាចប្រឈមមុខនឹងការមានទោសផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានផ្សព្វផ្សាយថា «គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ ក្រៅពីធនាគារជាតិ នៃកម្ពុជា គឺជាគ្រឹះស្ថានឯកជន១០០% ពុំមែនជារបស់រដ្ឋទេ» ដូច្នេះសុំកុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការភ័ន្តច្រឡំ៕