(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឲ្យដឹងថា សំណើសុំបង្កើតទីស្នាក់ការត្រួតពិនិត្យគុណភាពបន្លែ ត្រី សាច់តាមព្រំដែន ដើម្បីទប់ស្កាត់លំហូរបន្លែ ត្រី សាច់ គ្មានគុណភាពចូលមកក្នុងប្រទេសកម្ពុជា ដែលបានដាក់ជូនប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ មានអ្នកចេញមុខរារាំងមិនឲ្យបង្កើតនោះឡើយ ខណៈការនាំចូលបន្លែ ត្រី សាច់ ពីប្រទេសជិតខាងមានរហូតដល់ជាង ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាកសិករតែម្តង តែងបាននាំគ្នារអ៊ូរទាំយ៉ាងខ្លាំងពីការហូរចូលដោយសេរី នៃបន្លែ ត្រី សាច់ ពីប្រទេសជិតខាងជាហេតុនាំឲ្យការដាំដុះបន្លែ និងការចិញ្ចឹមត្រី សាច់ក្នុងស្រុកគ្មានទីផ្សារ និងធ្លាក់ថ្លៃយ៉ាងគំហុក។ ពួកគេតែងតែបានស្តីបន្ទោសទៅលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា មិនបានយកចិត្តទុកដាក់ជួយដល់ប្រជាកសិករ។
ឆ្លើយតបកង្វល់របស់ប្រជាកសិករខ្មែរនេះ នៅដើមឆ្នាំ២០១៧ លោក វេង សាខុន បានធ្វើលិខិតមួយច្បាប់ទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ស្នើសុំបង្កើតទីស្នាក់ការត្រួតពិនិត្យគុណភាពបន្លែ ត្រី សាច់ ឲ្យបាន់ម៉ត់ចត់ និងឲ្យបានត្រឹមត្រូវ។ លោករដ្ឋមន្រ្តីជឿថា ការត្រួតពិនិត្យគុណភាពបន្លែ ត្រី សាច់ ឲ្យបានច្បាស់លាស់ និងបានត្រឹមត្រូវអាចជួយទប់ស្កាត់លំហូរបន្លែ ត្រី សាច់ ទាំងអស់នេះ ព្រោះបន្លែនាំចូលពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម គឺមានសារធាតុគីមីច្រើន។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងវេទិការកយន្តការដោះស្រាយបញ្ហាកសិកម្ម រុក្ខប្រមាញ់ និងនេ សាទ លោក វេង សាខុន បានគូសបញ្ជាក់ថា «យន្តការរបស់អាស៊ាន ជំរុញឲ្យរដ្ឋមន្រ្តីក្រសួងកសិកម្មទាំងអស់ មានវិធានការត្រួតពិនិត្យនូវភូតគាមអនាម័យមុនឆ្លងប្រទេសនីយមួយៗ ត្រូវមានការបញ្ជាក់ពីប្រទេសដើមមុនការនាំចេញ ហើយត្រូវត្រួតពិនិត្យថា មានសារជាតិអ្វីខ្លះ ដែលជះឥទ្ធិពលដល់សុខភាព។ ខ្ញុំបានស្នើទៅហើយ តែមានប្រតិកម្មមួយចំនួនថា ក្រសួងកសិកម្មមិនគួរទៅទេ! តែដល់រឿងរ៉ាវកើតមកចោទក្រសួងកសិកម្ម ព្រោះក្រសួងកសិកម្មជាអ្នកដើរតួរឿងហ្នឹង»។
លោក វេង សាខុន ក៏បានថ្លែងបង្ហាញការអាក់អន់ចិត្តផងដែរថា រាល់ពេលមានបញ្ហាលើវិស័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តែងតែមានការស្តីបន្ទោសទៅលើក្រសួងកសិកម្ម តែពេលដាក់យន្តការក្នុងការទប់ស្កាត់បែរជាមានក្រសួងដទៃចេញមករារាំងទៅវិញ។ លោករដ្ឋ មន្រ្តីថា បញ្ហារបស់ប្រជាកសិករនេះ មិនអាចពឹងក្រសួងកសិកម្មតែឯងដោះស្រាយបាននោះទេ ពោលគឺត្រូវតែមានការចូលរួមពីគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់។
លោក វេង សាខុន ថ្លែងដូច្នេះ «ក្រសួងពាក់ព័ន្ធត្រូវមើលទាំងអស់គ្នា កុំចេះតែចង់ទៅដណ្តើមកន្លែងច្រកចូល ប៉ុន្តែអត់ជួយមើល»។
លោក វេង សាខុន ក៏បានបង្ហាញចម្ងល់ និងចោទជាសំណួរថា រាល់ត្រី សាច់ សុទ្ធតែត្រូវបង់ពន្ធប្រមាណ ១ដុល្លារក្នុងមួយគីឡូ តែហេតុអ្វី ក៏នៅមានលទ្ធភាពប្រកួតប្រជែងជាមួយត្រី សាច់ ដែលចិញ្ចឹមក្នុងស្រុក។ បើតាមលោក វេង សាខុន ដើម្បីទប់ស្កាត់ការហូរចូលបន្លែ ត្រី សាច់ នេះ គឺត្រូវតែមានវិធានការរឹតបន្តឹងឲ្យបានខ្ពស់នៅតាមច្រកព្រំដែន មិនមែននាំមកចរាចរពេញប្រទេសហើយ ទើបដើរចាប់នោះទេ។
លោក វេង សាខុន មិនបានបង្ហាញថា ក្រសួងណាជាអ្នកចេញមុខមករារាំងនូវយន្តការដែលក្រសួងបានស្នើនោះទេ។ តែគេអាចដឹងថា យន្តការដែលក្រសួងកសិកម្មស្នើនេះ អាចជះឥទ្ធិពលខ្លាំងដល់អគ្គនាយកដ្ឋានកាំកុង ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម។
លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានឲ្យដឹងដែរថា បច្ចុប្បន្នកម្ពុជា បាននាំចូលបន្លែ ត្រី សាច់ គិតជាទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិកនៅក្នុងមួយឆ្នាំៗ៕