(កណ្តាល)៖ លោក ចំរើន បញ្ញា អធិការរងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ បាននាំជនដៃដល់យកទៅធ្វើតម្រាប់ នូវសកម្មភាពរបស់ខ្លួន ដែលបានចូលទៅវាយជនរងគ្រោះ ក្នុងផ្ទះវីឡាទុកចោល នាក្រុងតាខ្មៅ កាលពីម្សិលមិញ ដែលកម្លាំងនគរបាលតាមស្រាវជ្រាវ ចាប់បានមកវិញ។

តាមពិតទៅកាលពីម្សិលមិញ បន្ទាប់ពីកើតហេតុភ្លាមៗនោះ កម្លាំងអាវុធហត្ថក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ប៉ុន្តែបន្ទាប់ពីសួរនាំទៅ ពួកគេមិនបានជាប់ពាក់ព័ន្ធ នឹងសកម្មភាពប្លន់នេះទេ ពោលនៅក្នុងករណីខាងលើ មានតែជនសង្ស័យម្នាក់ប៉ុណ្ណោះ ដែលកម្លាំងនគរបាលក្រុងតាខ្មៅ ចាប់បាននៅយប់ថ្ងៃដដែលនោះ។

របាយការណ៍នគរបាលខេត្តកណ្តាល បានឲ្យដឹងថា មានករណីប៉ុនប៉ង​លួចមាន ស្ថានទម្ងន់ទោស បានកើតឡើងនៅវេលាម៉ោង១២៖១៥នាទី រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះ​ជនរងគ្រោះ​ឈ្មោះ ហួ លាងហេង ភូមិព្រែកព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល​​។

ជនរងគ្រោះ៣នាក់ដែលត្រូវចោរវាយ និងដេញវាយរួមមាន៖ ១-ឈ្មោះ ហួ លាងហេង ភេទស្រី អាយុ៥៥ឆ្នាំ​​ មុខរបរមេផ្ទះ រយៈត្រង់ក្បាលចំនួន៣កន្លែង ២-ឈ្មោះ ហេង សុផាន់ណា ភេទស្រី អាយុ២១ឆ្នាំ​ មុខរបរ​និស្សិត រងរបួសពកត្រង់ថ្ងាស ចំនួន៣កន្លែង និងរយះស្លឹកត្រចៀកខាងស្តាំ ព្រមទាំងមានស្នាមជាំត្រង់ក និង៣-ឈ្មោះ ថេង សេង ហៀក ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ។ អ្នកទាំង៣មានទីលំនៅ ភូមិ-សង្កាត់កើតហេតុខាងលើ។ ដោយឡែក ជនល្មើសឈ្មោះ ឯល អាហ្សូត ជនជាតិខ្មែរឥស្លាម អាយុ២១ឆ្នាំ មានទីលំនៅ អចិន្រ្តៃយិ៍ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមរបាយការណ៍របស់នគរបាល នៅមុនពេលកើតហេតុ ជនរងគ្រោះ​បានមកមើល ផ្ទះរបស់ខ្លួនដែលទុកចោល (យូរៗមកមើលម្តង) លុះមកដល់ផ្ទះកើតហេតុ ជនរងបានចាក់សោចូលក្នុងផ្ទះ បានរៀបចំហូបបាយ នៅខាងក្រោមផ្ទះ ដោយមិនទាន់បានឡើងទៅលើផ្ទះទេ តែបានឃើញបាយដាំថ្មីៗ ក្នុងឆ្នាំងខ្សែភ្លើង និងមានពងទាមួយគ្រាប់ តែមិនចាប់អារម្មណ៍ទេ។

លុះដល់វេលាកើតហេតុខាងលើជនរងគ្រោះ ឈ្មោះ ហេង សុផាន់ណា បានឡើងផ្ទះជាន់ខាងលើ ដើម្បីយកខោរអាវ ស្រាប់តែឃើញជនល្មើសស្ទុះចេញពីក្រោយទូរដាក់ខោរអាវ មកច្របាច់ក និងយកអង្រែវាយទៅលើក្បាល ជនរងគ្រោះ។ ពេលនោះជនរងគ្រោះក៏បានខំប្រឹងស្រែកឮ ដល់ជនរងគ្រោះឈ្មោះហួរ លាងហេង ត្រូវជាម្តាយធំ បានឡើងទៅមើល។

ភ្លាមនោះជនល្មើសបានស្ទុះយកអង្រែ មកវាយចំក្បាលជាច្រើនអង្រែ ហើយរត់ចុះមកក្រោម ប្រុងចេញតាមទ្ធារមុខ ក៏បានជួប និងជន រងគ្រោះទី៣ ហើយបានដេញវាយ តែវាយមិនត្រូវ ដោយជនរងគ្រោះ បានបើកទ្ធាររត់ចេញទៅក្រៅស្រែកហៅឲ្យគេជួយ។

ឃើញដូច្នេះ ជនល្មើសបានរត់ចូលទៅក្នុងវិញ ឡើងទៅជាន់លើ រួចចុះតាមបង្អួចរត់គេចខ្លួនបាត់តែម្តង។ រហូតមកដល់វេលម៉ោង១៩និង០៥នាទី ជនល្មើសឈ្មោះ ឯល អាហ្សូត ក៏បានលួចចូលផ្ទះកើតហេតុម្តងទៀត ក្នុងគោលបំណងមកយកអត្តសញ្ញាណបណ្ណ័របស់ខ្លួន ដែលបានជ្រុះនៅកន្លែងកើតហេតុ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង។

តាមចំលើយសារភាព ជនល្មើសបានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាព ដូចខាងលើប្រាកដមែន ដោយបានលួចគាស់បង្អួច ផ្ទះកើតហេតុ ចូលទៅលាក់ខ្លួនតាំងពីម៉ោង១២យប់រំលងអាធ្រាត្រមកម្ល៉េះ ក្នុងគោលបំណងលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះ ដោយចូលទៅធ្វើសកម្មភាពតែម្នាក់ឯង ប៉ុណ្ណោះតែដោយគ្មានអ្វីៗ​ត្រូវយក ហើយផ្ទះម្ចាស់​មិននៅផង ខ្លួនក៏បាន
ដេកនៅទីនោះទៅ។

បន្ទាប់ពីបញ្ចប់ការឲ្យធ្វើតម្រាប់ ជនសង្ស័យត្រូវបាននាំខ្លួន ទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅវិញ  ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់ ប៉ុន្តែតាមសេចក្តីរាយការណ៍ចុងក្រោយ ជនសង្ស័យចងក សម្លាប់ខ្លួនឯង នៅអធិការដ្ឋាននគរបាល ក្រុងតាខ្មៅបាត់ទៅហើយ៕