Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ករណីតវ៉ាប្រឆាំងមន្រ្តីថៃ តម្លើងពន្ធនាំចូលត្រី នៅពេលនេះ មន្រ្តីខ្មែរ-ថៃ សម្របសម្រួលបញ្ចប់​ ទុកពេលឲ្យនាំចូលត្រីសិន និងជូនដំណឹងបង់ពន្ធនៅថ្ងៃស្អែក

23-02-2017 12:26

(បន្ទាយមានជ័យ)៖ អាជ្ញាធរខ្មែរ-ថៃ បានចុះទៅសម្របសម្រួលបញ្ចប់ ការតវ៉ាប្រឆាំងការតម្លើងថ្លៃពន្ធនាំចូលត្រី ពីសំណាក់ភាគីថៃ ដោយកម្មករខ្មែរអូសរទេះដឹកត្រី ត្រូវបានអនុញ្ញាតិឲ្យនាំចូលត្រី ជាបណ្តោះអាសន្នសិននៅថ្ងៃនេះ តែនឹងដឹងពីការតម្លើងពន្ធរបស់ថៃ ដែលពួកគេប្រកាសនៅថ្ងៃស្អែក។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា «ការសម្របសម្រួលនោះ គឺជាលទ្ធផល ថៃបានអនុញ្ញាតិឲ្យកម្មករអូសរទេះខ្មែរដឹកត្រី ចូលជាធម្មតាសម្រាប់ថ្ងៃនេះ និងយកពន្ធដូចពីមុន (៣០០ទៅ៤០០បាត) តែនៅថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងថៃនឹងជូនដំណឹងថា ពួកគេនឹងយកថ្លៃប៉ុន្មានទៀតសម្រាប់ពន្ធនាំចូល»។

សូមបញ្ជាក់ថា កម្មករខ្មែរអូសរទេះដឹកត្រីប្រមាណ១០០នាក់ បានផ្ទុះការតវ៉ាយ៉ាងខ្លាំង រហូតចាក់ត្រីចោល និងយកត្រីទាំងនោះ ចៀននៅលើស្ពាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយសារតែពួកខឹងមន្រ្តី និងសមត្ថកិច្ចថៃ សម្រេចតម្លើងថ្ងៃពន្ធខ្លាំងពេក។

តាមកម្មករអូសរទេះ បានប្រាប់ភ្នាក់ងារ Fresh News ថា ពីមុនត្រីមួយរទេះ២០០គីឡូក្រាម សមត្ថកិច្ចថៃយកពន្ធចន្លោះពី៣០០ ទៅ៤០០បាត តែនៅពេលនេះ ស្រាប់តែយកពន្ធរហូតដល់១៥០០បាតទៅវិញ ជាហេតុនាំពួកគេផ្ទុះការតវ៉ាតែម្តង៕