(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានជួបជុំគ្នាបើកវេទិកាពិភាក្សាដោះស្រាយបញ្ហាកសិកម្មនៅកម្ពុជា ដែលកំពុងក្លាយជា បញ្ហាចោទដ៏ចម្បងមួយសម្រាប់ប្រជាកសិករខ្មែរ។
វេទិកាដែលធ្វើឡើងរយៈពេលមួយថ្ងៃនេះ ត្រូវបានដឹកនាំដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានអ្នកចូលរួមមកពីក្រសួងពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិជាដៃគូអភិវឌ្ឍន៍សរុបប្រមាណ ៥០០នាក់។ វេទិកានេះធ្វើឡើង តបតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានថ្លែងក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងស្មារតីស្ថាបនា ដើម្បីប្រមូលធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយ សំដៅរួមចំណែកអភិវឌ្ឍន៍ វិស័យកសិកម្មកម្ពុជា ដោយផ្តោតគោលបំណងផ្តល់ឱកាសដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមគំនិត យោបល់ទៅលើ៖
(១)- ស្វែងយល់អំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងបញ្ហាប្រឈមសំខាន់ៗ និងសំណូមពរនានា ពាក់ព័ន្ធនឹងការ លើកកម្ពស់ផលិតកម្មកសិកម្ម ការគ្រប់គ្រងកសិផល និងទីផ្សារ
(២)- ពិភាក្សាចែករំលែកបទពិសោធន៍ មេរៀន ព័ត៌មាន និងចំណេះដឹងអំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
(៣)- រិះរក និងកំណត់ដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ និងសំណូមពរនានា ព្រមទាំងភារកិច្ច ការរួមចំណែក ឬការទទួលខុសត្រូវរបស់ភាគី និងអ្នកពាក់ព័ន្ធទាំងអស់។
ក្នុងសុន្ទរកថាបើកវេទិកានេះ លោក វេង សាខុន បានលើកឡើងបញ្ហាប្រឈមជាច្រើនប្រជាកសិករខ្មែរ ដែលកំពុងកើតមាន នាពេលបច្ចុប្បន្ន។ លោក វេង សាខុន ស្នើឲ្យក្រសួងពាក់ព័ន្ធទាំងអស់រួមគ្នាពិភាក្សារកដំណោះស្រាយឲ្យបានផុសផុល ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងដោះស្រាយបញ្ហា ដែលកំពុងប្រឈម៕