(ភ្នំពេញ)៖ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន បានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា ក្នុងឆ្នាំ២០១៧នេះ ដោយបាននាំមកជាមួយ នូវម្ចាស់ក្រុមហ៊ុនធំៗ របស់អាមេរិកច្រើនជាង ពេលមុនរហូតទៅដល់១៤ក្រុមហ៊ុន ដែលមានទ្រព្យសកម្មសរុបរហូតដល់ទៅជាង ២ទ្រីលាន(Trillion) ដុល្លារ។
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន (US-ASEANBusiness Council) ដឹកនាំដោយលោក Michael W. Wichalak អនុប្រធាន និងជានាយកប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន នៅទីស្តីការក្រសួង។
លោក វង្សី វិស្សុត បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ចលើកនេះ គឺ១-ការគាំទ្រ និងជំរុញការរៀបចំកិច្ចព្រមព្រៀង ស្តីពីការជំរុញការវិនិយោគទេ្វភាគី រវាងកម្ពុជា-អាមេរិក, ២-ការជំរុញការវិនិយោគក្នុងវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធ, ៣-ការគាំទ្រ និងជំរុញតម្លាភាពក្នុងវិស័យសាធារណៈ និង៤-ការគាំទ្រដល់ការងារកសាងសមត្ថភាព ជាពិសេសការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់ភាព ជាអ្នកដឹកនាំរបស់យុវជន និងផ្នែកវប្បធម៌។ ក្រៅពីនេះ គណៈប្រតិភូក៏ចង់ផ្តោតការពិភាក្សាផងដែរ ក្នុងកិច្ចពិភាក្សាថ្ងៃនេះ អំពីប្រធានបទសេដ្ឋកិច្ចឌីជីថល (Digital Economy)។
លោក វង្សី វិស្សុត បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានលើកឡើងថា ក្នុងខណៈ ដែលការអភិវឌ្ឍរបស់ពិភពលោក កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ មកកាន់កម្ពុជាក្នុងពេលនេះ គឺពិតជាមានសារសំខាន់ណាស់ចំពោះកម្ពុជា ដែលជាប្រទេសមួយដែលមានសេដ្ឋកិច្ចបើកចំហរខ្លាំង។
លោកបានបញ្ជាក់ថា «ជំនួបនេះ ពិតជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជា បានស្វែងយល់ពីនិន្នាការថ្មីៗ នៅក្នុងតំបន់និងពិភពលោក រួមទាំងបច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចបានស្វែងយល់អំពីបញ្ហាប្រឈម និងសំណូមពរ ពីសំណាក់ក្រុមហ៊ុនធំៗ របស់សហរដ្ឋអាមេរិក ក្នុងន័យលើកកម្ពស់ភាពប្រកួតប្រជែង របស់កម្ពុជាឱ្យកាន់តែប្រសើរឡើង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ និងល្អប្រសើរសម្រាប់ប្រជាជន និងប្រទេសជាតិ ទាំងមូល»។
លោកបានលើកឡើងផងដែរថា ទោះបីកម្ពុជាជាប្រទេសតូចក្តី តែកម្ពុជាមិនមែន ជាប្រទេសដែល មាននិន្នាការប្រឆាំង នឹងចរន្តនៃសកលភាវូបនីយកម្មនោះទេ។ ពិតណាស់ថា នៅក្នុងដំណើរការនៃការធ្វើ សមាហរណកម្មសេដ្ឋកិច្ចនេះ កម្ពុជាត្រូវជួបប្រទះបញ្ហាប្រឈមច្រើន តែកម្ពុជា នឹងខិតខំជំនះនូវការលំបាកទាំងនេះ ដើម្បីទាញយកនូវគុណប្រយោជន៍ ពីដំណើរការនៃការធ្វើសមាហរណកម្មនេះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច របស់ខ្លួននៅក្នុងរយៈពេលវែង។
ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល (Digital Economy) លោក វង្សី វិស្សុត បានលើកឡើងថា ទោះបើប្រធាន បទស្តីពីសេដ្ឋកិច្ចឌីជីថលហាក់ដូចជា ថ្មីបន្តិចសម្រាប់កម្ពុជា តែនិន្នាការនេះមានលក្ខណៈជាសកល និងគ្រប់ទីកន្លែង ហើយកំពុងតែវិវឌ្ឍទៅមុខឥតឈប់ឈរ ដោយសារចរន្តនៃសកលភាវូនីយកម្ម ជាពិសេសបដិវត្តន៍ឧស្សាហកម្មលើកទី៤ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខ។ ប៉ុន្តែសំណួរនៅត្រង់ថា យើងត្រូវគ្រប់គ្រងវាយ៉ាងដូចម្តេច ពាក់ព័ន្ធនឹងការធ្វើការពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) និងរដ្ឋបាលព័ត៌មានវិទ្យា (e-government) ជាដើម។
លោកបានបន្តទៀតថា ក្នុងបរិបទសម្រាប់ប្រទេសកម្ពុជា យើងកំពុងព្យាយាមស្វែងយល់ថាតើនិន្នាការនេះ នឹងផ្តល់ជាបច្ច័យយ៉ាងណាដែរ ចំពោះការឈានទៅសម្រេច បាននូវគោលដៅនៃការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច របស់ខ្លួន ដែលត្រូវបានកំណត់ថា នឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
បន្ទាប់មកខាងភាគីកម្ពុជា ក៏បានធ្វើការឆ្លើយតបទៅនឹងសំណួរ ក៏ដូចជា ការលើកឡើងផ្សេងៗរបស់ក្រុមហ៊ុនGE, Chevron, MasterCard, Ford, Coco Cola, Citi Bank ពាក់ព័ន្ធបញ្ហាមួយចំនួន ដូចជា ការវិនិយោគក្នុងវិស័យ ថាមពល, ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិច, ការអភិវឌ្ឍទីផ្សារទុន, ការបញ្ឈប់ការនាំចូលប្រេងតាមផ្លូវគោក, ការនាំចូលរថយន្ត, ការពង្រឹងការបង្កានិងបង្រ្កាបអំពើរត់ពន្ធ និងការពង្រឹងអនុលោមភាពពន្ធដារជាដើម។
ពាក់ព័ន្ធនឹងវិស័យថាមពលខាងភាគីកម្ពុជា បានធ្វើការជម្រាបជូនគណៈប្រតិភូជ្រាបថា កម្ពុជាសូមស្វាគមន៍ នូវនវានុវត្តន៍ ថ្មីក្នុងវិស័យនេះ ហើយបច្ចុប្បន្នកម្ពុជាកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីអភិវឌ្ឍថាមពល ព្រះអាទិត្យ សម្រាប់បំពេញបន្ថែមនូវការខ្វះខាតថាមពលនៅរដូវប្រាំង ក៏ដូចជាដើម្បីធានានូវនិរន្តភាព និង ស្ថេរភាព នៃការផ្គត់ផ្គង់ និងកាត់បន្ថយថ្លៃអគ្គិសនីផងដែរ។
ដោយឡែក ពាក់ព័ន្ធចំពោះការលើកឡើង ពាក់ព័ន្ធនឹងការបញ្ឈប់ការនាំចូលប្រេងតាមផ្លូវគោក និងការអនុវត្តអនុលោមភាពពន្ធផ្សេងៗ ទាំងពន្ធដារ និងពន្ធគយ, ខាងភាគីកម្ពុជា បានស្នើសុំឱ្យមានការយោគយល់ ព្រោះការដាក់ចេញនូវវិធានការទាំងនេះ គឺដើម្បីពង្រឹងការ ប្រមូលចំណូល ក៏ដូចជា ពង្រឹងប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពីរត់គេចពន្ធ។ ពិតណាស់ថា ក្រុមហ៊ុនមួយចំនួន អាចជួយប្រទះនូវការលំបាកខ្លះក្នុងរយៈពេលខ្លី តែការដាក់ចេញនូវវិធានការទាំងនេះ នឹងជួយលើកកម្ពស់ អនុលោមភាពពន្ធ និងការប្រកួតប្រជែងដោយស្មើភាពនៅក្នុងរយៈពេលវែង។
ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងយកចិត្តទុកដាក់នូវសំណូមពរទាំងនេះ ដោយភ្ជាប់ការគិតគូរទៅនឹង ក្របខ័ណ្ឌច្បាប់ គោលនយោបាយ សេដ្ឋកិច្ច ក៏ដូចជា វិធានពាណិជ្ជកម្ម ដែលកម្ពុជាមានកាតព្វកិច្ចអនុវត្តតាម ស្មារតីនៃ កិច្ចព្រមព្រៀង ទន្ទឹមនឹងការខិតខំធានាឱ្យមាននូវបរិយាកាសវិនិយោគអនុគ្រោះ និងផ្តល់ប្រព្រឹត្តកម្ម ដោយស្មើ ភាពដល់ក្រុមហ៊ុនទាំងអស់។
ពាក់ព័ន្ធនឹងការអភិវឌ្ឍទីផ្សារទុន ខាងភាគីកម្ពុជាបានលើកឡើងថា «កម្ពុជាកំពុងតែជំរុញអភិវឌ្ឍទីផ្សារមូលបត្រ ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ទន្ទឹមនឹងការអភិវឌ្ឍទីផ្សារសញ្ញាប័ណ្ណ(bond market) និងទីផ្សាររូបិយប័ណ្ណ (money market) រួមទាំងទីផ្សារសញ្ញាប័ណ្ណសាជីវកម្ម (corporate bond market) រួមទាំងការការគិតគូរ អំពីការរៀបចំឱ្យមានការធ្វើចំណាត់ថ្នាក់ sovereign rating នៅក្នុងពេលខាងមុខ»៕