លោកស្រី ទេព វន្នី ត្រូវជាប់ពន្ធនាគារ២ឆ្នាំ៦ខែ ករណីវាយសន្តិសុខសាលាខណ្ឌដូនពេញ ២នាក់រងរបួសធ្ងន់ (Video inside)
23-02-2017 11:14
(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបើកសវនាការនិងប្រកាសសាលក្រមផ្តន្ទាទោសលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពាក់ព័ន្ធការប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញ ២នាក់ បណ្តាលឲ្យរងរបួសធ្ងន់។
លោក ឡុង កេសភីរម្យ ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ក៏បានពិន័យជាប្រាក់លើលោកស្រី ទេព វន្នី ចំនួន៥លានរៀល និង បង្គាប់ឲ្យសងសំណងជំងឺចិត្តដល់ជនរងគ្រោះ២នាក់ ចំនួន៩លានរៀល ផងដែរ។
ក្រោយការសម្រេចនេះ លោកស្រី ទេព វន្នី ថ្លែងថាការសម្រេចរបស់តុលាការ គឺអយុត្តិធម៌។
ពេលតុលាការកំពុងសវនាការរឿងនេះ អ្នកគាំទ្រមួយចំនួនបានប្រមូលផ្ដុំមុខតុលាការ ដើម្បីទាមទារឲ្យដោះលែងលោកស្រី ទេព វន្នី។
គួរបញ្ជាក់ថា លោកស្រី ទេព វន្នី ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ៕