(ឥណ្ឌា)៖ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូ ចំនួន៦រូប ចូលរួមក្នុងសន្និសីទស្តីពី ការតភ្ជាប់ឌីជីថលអាស៊ាន-ឥណ្ឌា (ASEAN-India Digital Connectivity) ដែលជាការរំលឹក ដល់ខួបលើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា (Commemoration of 25th Anniversary of ASEAN-India Dialogue Partnership) និងពិធីតាំងពិព័រណ៍ធុរកិច្ចអន្តរជាតិស្តីពី ទូរគមនាគមន៍ នៅប្រទេសឥណ្ឌា នាថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

កម្មវិធីនេះ រៀបចំឡើងដោយក្រសួងគមនាគមន៍ឥណ្ឌា និងក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញឧបករណ៍សម្ភារៈបរិក្ខារ និងសេវាទូរគមនាគមន៍ឥណ្ឌា។

នៅក្នុងសន្និសទីនៃកម្មវិធីខាងលើ លោក Manoj Sinha រដ្ឋមន្ត្រីក្រសួងគមនាគមន៍ឥណ្ឌា បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌា​មានបំណងចង់ធ្វើជាដៃគូ ជាមួយអាស៊ានក្នុងការតភ្ជាប់ឌីជីថល រវាងអាស៊ាននិងឥណ្ឌា ដែលមានដូចជា ការតភ្ជាប់អ៊ីន​ធឺណិតល្បឿន​លឿននៅក្នុងបណ្តាប្រទេសអាស៊ាន ការអភិវឌ្ឍធនធានមនុស្ស និងការតភ្ជាប់អ៊ីនធឺណិត​ល្បឿនលឿន​រវាងបណ្តា​ប្រទេសអាស៊ានជាមួយនឹងប្រទេសឥណ្ឌា។

លោក Manoj Sinha បានបន្ថែមឲ្យដឹងថា ការតភ្ជាប់នេះមានសារៈសំខាន់ណាស់ សម្រាប់ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន និងឥណ្ឌា ហើយឥណ្ឌានឹងជួយដល់បណ្តាប្រទេសអាស៊ាន នូវការគាំទ្រផ្នែកបច្ចេកទេស និងឥណទានសម្រាប់ការអភិវឌ្ឍគម្រោងនៃការតភ្ជាប់នេះ។

ជាមួយគ្នានោះដែរ លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើង អំពីការ​រីកចម្រើន​នៃវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា ហើយ លោកក៏បានរំលឹកផងដែរ​អំពីកិច្ច​សហប្រតិបត្តិការកម្ពុជា-ឥណ្ឌាក្នុងវិស័យនេះនាពេលបច្ចុប្បន្ននិងពេលកន្លងមក។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានអត្រានៃការប្រើប្រាស់ស៊ីមកាតទូរស័ព្ទដៃចំនួន ១២៣% និងអត្រានៃការប្រើប្រាស់​អ៊ីនធឺណិតចំនួន ៤៨% ។ កម្ពុជាបានតភ្ជាប់បណ្តាញខ្សែកាបអុបទិកស្ទើរតែពាសពេញប្រទេស ហើយកំពុងតភ្ជាប់ខ្សែកាប​អុបទិកក្រោមបាតសមុទ្រ ដែលតភ្ជាប់ដោយផ្ទាល់ជាមួយប្រទេសថៃនិងមាឡេស៊ី និងតភ្ជាប់​ទៅកាន់ខ្សែ​កាបអុបទិកក្រោម​បាតសមុទ្រអន្តរជាតិអាស៊ី-អាមេរិក និងខ្សែកាបអុបទិកក្រោម​បាតសមុទ្រអន្តរជាតិ​អាស៊ី អាហ្វ្រិក និងអ៊ឺរ៉ុប។

លោក ខាយ ឃុនហេង សង្ឃឹមថា គម្រោងតភ្ជាប់ឌីជីថលអាស៊ាន-ឥណ្ឌានឹងឆ្លើយតបទៅនឹងការអនុវត្តផែនការ ច្បាប់ និងគោលនយោបាយនេះហើយអាចចូលរួមចំណែកនៅក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅកម្ពុជា។

គួរបញ្ជាក់កម្មវិធីខាងលើ ក៏មានមានការអញ្ជើញចូលរួមដោយ តំណាងក្រសួងទូរគមនាគមន៍-​បច្ចេកវិទ្យា​គមនាគមន៍​និងព័ត៌មាន​​នៃបណ្តាប្រទេសអាស៊ាន, រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងព័ត៌មានវិទ្យាបង់ក្លាដែស, រដ្ឋមន្ត្រីក្រសួង​បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃព្រះរាជាណាចក្រប៊ូតាន, ព្រមទាំងតំណាងក្រុមហ៊ុន​ទូរគមនាគមន៍​នៃបណ្តាប្រទេស​អាស៊ាន អាហ្វ្រិក និងតំណាងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៃប្រទេសឥណ្ឌា៕