(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យប្រោស ព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាព មនុស្សធម៌ សម្រាប់ខែកុម្ភៈ ឆ្នាំ២០១៧។

ក្នុងលិខិតថ្លែងអំណរព្រះគុណថ្វាយ ព្រះមហាក្សត្រខ្មែរ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកា មន្រ្តី និងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត តែងតែងប្រោសព្រះរាជទាន ព្រះរាជទ្រព្យដើម្បីទ្រទ្រង់ សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់សង្រ្គោះប្រជារាស្រ្តកម្ពុជា ក្រីក្រទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ តែងបានព្រះរាជទានព្រះរាជទ្រព្យ របស់ព្រះអង្គ១ពាន់ដុល្លារ ជារៀងរាល់ខែ ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា៕